ក្រសួង ឱ្យពលរដ្ឋកំពុងរស់នៅអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ក្នុងសង្កាត់ផ្សារថ្មីទី៣ស្វែងរកទីកន្លែងស្នាក់នៅថ្មីបន្ទាន់ ខណៈគុណភាពសំណង់អគារធ្លាក់ចុះខ្លាំងប្រឈមគ្រោះថ្នាក់ភ្លាមៗ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានចូលដំណឹងពលរដ្ឋកំពុងរស់នៅអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សូមទៅស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ខណៈគុណភាពសំណង់អគារធ្លាក់ចុះខ្លាំងប្រឈមគ្រោះថ្នាក់ភ្លាមៗ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានជូនដំណឹងដល់ពលរដ្ឋ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រើប្រាស់ អាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ និងសាធារណជន ឱ្យបានជ្រាបថា យោងតាមលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និង មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួង ដ.ន.ស. បានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះស្រទាប់បេតុង និងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមចេះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាព និងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើត មានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា «សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ»។
ក្រសួងបញ្ជាក់ថា ក្នុងន័យនេះ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារខាងលើនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារ ចាប់ផ្តើមអនុវត្តការងារតម្លើង «ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះ អគារអតីតសាលាបឋមសិក្សាបដិវត្តន៍» នៅទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
ក្រសួងបញ្ជាក់ទៀតថា ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចខាងក្រោម៖ ១. មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ ២. ធ្វើការហ៊ុព័ទ្ធ និងហាមចូលសំណង់អគារនេះ៕

You might also like