ករណីប្លន់មាស២លើក បណ្ដាលឱ្យទីតាំងមួយកន្លែងអស់ទឹកប្រាក់ជិត ៤ពាន់ដុល្លារ រីឯទីតាំងមួយកន្លែងទៀត អស់មាសជាង ៥០ តម្លឹង
យោងតាមព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបាន គឺមានករណីប្លន់ចំនួន២លើក ដែលបានកើតឡើងក្នុងថ្ងៃតែមួយ ដែលបណ្ដាលឱ្យទីតាំងមួយកន្លែងអស់ទឹកប្រាក់ជិត ៤ពាន់ដុល្លារ រីឯទីតាំងមួយកន្លែងទៀតអស់មាសជាង ៥០ តម្លឹង។
ដោយករណីទី១ បានកើតឡើងនៅ ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ មៀន ម៉ារិយ៉ា ភេទស្រី អាយុ ៣៦ ឆ្នាំ ស្នាក់នៅផ្ទះជួល។
តាមការរៀបរាប់ពីជនរងគ្រោះបានបញ្ជាក់ថា ចោរមានតែម្នាក់ឯង ដោយមានពាក់ម៉ាស់ និងពាក់មួកសុវត្ថិភាព ដោយចោរនេះអាចស្គាល់ជាមួយនឹងជនរងគ្រោះព្រមទាំងប្ដីជនរងគ្រោះ ផងដែរ ព្រោះពេលដែលចូលទៅប្លន់ដោយដណ្ដើមយកកាបូបស្ពាយហើយបានប្រើពាក្យថា “ខ្ញុំមិនចង់ធ្វើអញ្ចឹងទេនេះមកពីប្ដីអ្ហែង” ឮដូច្នោះជនរងគ្រោះបានទាញទូរសព្ទតេទៅប្ដីដោយចង់ដឹង ប៉ុន្តែត្រូវបានចោរ ឆក់យកកាំបិតបុ័ងតោ នៅក្នុងផ្ទះកាត់ទៅជនរងគ្រោះហើយក៏ប្រដាយប្រតប់គ្នាធ្វើឱ្យមុតទៅលើដៃជនរងគ្រោះហើយចោរក៏បានទាញទម្លាក់ជនរងគ្រោះពីលើគ្រែ ហើយជាន់កន្ថែមទើបយកកាបូបចេញទៅបាត់ដោយសារជនរងគ្រោះសន្លប់ ដែលក្នុងកាបូបមានប្រាក់ដុល្លាររួមទាំងគ្រឿងអលង្ការសរុបជិត ៤ ០០០ ដុល្លារ។



