អតីតរដ្ឋមន្ត្រីយុត្តិធម៌ចិន ត្រូវកាត់ទោសដាក់គុកមួយជីវិតពីបទទទួលសំណូក ២០លានដុល្លារ
(ប៉េកាំង)៖ តុលាការចិននៅថ្ងៃចន្ទនេះ បានសម្រេចកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ថាង យីជុន (Tang Yijun) ឱ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទទទួលសំណូកសរុបប្រហែល ២០លានដុល្លារ (១៣៧លានយន់) ក្នុងរយៈពេលជាងមួយទសវត្សរ៍។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន CNA។
តុលាការប្រជាជនកម្រិតមធ្យមនៅទីក្រុង Xiamen បានរកឃើញថា លោក ថាង វ័យ ៦៤ឆ្នាំ បានរំលោភអំណាចរបស់លោកក្នុងតួនាទីផ្សេងៗចាប់តាំងពីឆ្នាំ២០០៦ ដល់ ២០២២ ដើម្បីជួយសម្រួលដល់បុគ្គល និងក្រុមហ៊ុនក្នុងការបោះផ្សាយមូលបត្រជាសាធារណៈ (IPO) ការទទួលបានកម្ចីធនាគារ និងការទិញដីធ្លី។
ទោះបីជាចំនួនទឹកប្រាក់សំណូកមានកម្រិត «ខ្ពស់ជាពិសេស» និងបង្កការខូចខាតធ្ងន់ធ្ងរដល់ផលប្រយោជន៍រដ្ឋក៏ដោយ ក៏តុលាការបានពិចារណាលើកាលៈទេសៈសម្រាលទោស ដោយសារលោកបានសារភាព បង្ហាញការសោកស្តាយ និងសហការជាមួយការស៊ើបអង្កេត។
គួរកត់សម្គាល់ថា នេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏តឹងរ៉ឹងរបស់ប្រធានាធិបតី ស៊ី ជីនពីង។ កាលពីខែមុន អាជ្ញាធរក៏បានប្រកាសស៊ើបអង្កេតលើឧត្តមសេនីយ៍ដ៏មានអំណាចម្នាក់ទៀតគឺ លោក ចាង យូស៊ា (Zhang Youxia) ផងដែរ៕



