ប្រធានាធិបតីកូរ៉េខាងត្បូង រងការរិះគន់ ជុំវិញការបង្ហោះសារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា

(ហុងកុង)៖ ការបង្ហោះសារព្រមានកម្ចាត់ក្រុមបណ្ដាញឧក្រិដ្ឋជនឆបោកអនឡាញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបង្កឱ្យមានការបញ្ចេញប្រតិកម្មតបត យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែលចោទរូបលោកថា បានធ្វើឱ្យខូចដល់មុខមាត់របស់កម្ពុជា ជាហេតុជំរុញឱ្យ មេដឹកនាំកូរ៉េខាងត្បូងលុបចោលការបង្ហោះនោះវិញ ខណៈក្រុមមន្ត្រី របស់លោកចេញមុខបន្ធូរបន្ថយស្ថានការណ៍ជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Lee ចែករំលែក ឬ share នៅលើបណ្ដាញទំនាក់ទំនងសង្គមនូវសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានកូរ៉េ OhMyNews ដែលថាពួកឧក្រិដ្ឋជន ឆបោកអនឡាញជាជនជាតិចិននៅក្នុងប្រទេសកម្ពុជា កំពុងចៀសវាងជ្រើសរើសជនជាតិកូរ៉េឱ្យធ្វើការដោយសារតែខ្លាច ការឆ្មក់បង្រ្កាបរបស់ប៉ូលិសកូរ៉េខាងត្បូង។ ក្នុងការបង្ហោះនោះជាភាសាខ្មែរ លោក Lee បាននិយាយដូច្នេះថា «បើហ៊ានប៉ះពាល់ជនជាតិកូរ៉េ នឹងត្រូវវិនាសអន្តរាយ…នេះមិនមែនជាការគំរាមកំហែងលេងៗទេ! ប្រទេសកូរ៉េខាងត្បូងបើថាធ្វើហើយ គឺធ្វើដល់ទីបញ្ចប់!»។
ជាប្រតិកម្មឆ្លើយតប នៅលើបណ្ដាញទំនាក់ទំនងសង្គម ប្រជាជនកម្ពុជាបានបង្ហាញការខកចិត្តចំពោះការលើកឡើងរបស់លោក Lee Jae Myung ក្នុងនោះអ្នកប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គមម្នាក់បាននិយាយថា «ហេតុអ្វីបានជាសម្លឹងឃើញកម្ពុជាក្នុងផ្លូវអាក្រក់? តើអ្វីទៅជាចេតនារបស់អ្នក? ខណៈអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមម្នាក់ទៀតរស់នៅ ក្នុងទីក្រុងភ្នំពេញបាននិយាយថា «កម្ពុជាមានសុវត្ថិភាព! ហើយការបង្ហោះបែបនេះមិនយុត្តិធម៌ទេ»។ បើតាមសារព័ត៌មានកូរ៉េខាងត្បូង Chosun Daily ការបង្ហោះរបស់លោក Lee ត្រូវបានលុបចោល បន្ទាប់ពីក្រុមមន្ត្រីកម្ពុជាបានធ្វើការសាកសួរ ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូងប្រចាំកម្ពុជា លោក Kim Chang-ryong ដែលបានគូសបញ្ជាក់ថាការបង្ហោះសារនោះ មានគោលដៅចំពោះពួកឧក្រិដ្ឋជនដែលមិនចេះអានអង់គ្លេស ឬភាសាកូរ៉េ។
តែទោះជាបែបនេះក្ដី លោក Jang Dong-hyeok ជាមេដឹកនាំគណបក្ស People Power Party ដែលជាបក្សប្រឆាំងនៅកូរ៉េខាងត្បូង បានរិះគន់ការបង្ហោះរបស់លោក Lee ដោយនិយាយថា «ទោះបីជារឿងនោះកើតឡើងនៅក្នុងប្រទេសកម្ពុជាក៏ដោយ តែវាត្រូវបានប្រព្រឹត្តដោយអង្គការឧក្រិដ្ឋកម្មជាជនជាតិចិន ដូច្នេះប្រសិនបើយើងចង់ដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវ គួរឱ្យណាស់តែយើងប្រឈមមុខជាមួយពួកគេជាភាសាចិន»។
គួរបញ្ជាក់ថា មន្ត្រីកូរ៉េខាងត្បូងម្នាក់ក្នុងទីក្រុងសេអ៊ូលបានបដិសេធថាកម្ពុជាមិនបានចេញកំណត់ទូតតវ៉ាផ្លូវការនោះទេ ហើយថាការសាកសួររបស់ក្រុមមន្ត្រីកម្ពុជាគឺជាការទំនាក់ទំនងជាធម្មតា។ តាមមន្ត្រីរូបនេះ ទីក្រុងសេអ៊ូលត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាដៃគូរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ៕

You might also like