អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បណ្ដេញជនបរទេសចំនួន៤២៨នាក់ ចេញពីប្រទេសកម្ពុជា ក្រោយប្រព្រឹត្តបទល្មើស

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន៤២៨នាក់ (ស្រី៤នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់។
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសដែលត្រូវបានបន្ដបណ្ដេញចេញពីប្រទេសកម្ពុជា មាន៨សញ្ជាតិ រួមមាន៖ ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស កូរ៉េ ប៉ាគីស្ថាន យូហ្គង់ដា នីហ្សេរីយ៉ា និងឥណ្ឌា ក្នុងនោះមានជនជាតិចិន (៤០១នាក់)។
សូមជម្រាបថា ជនបរទេសជាច្រើននាក់ចម្រុះជាតិសាសន៍ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាជាបន្ដបន្ទាប់ ក្រោយសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធបទល្មើស Scam Online៕

You might also like