អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្ពុជា កំពុងជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី

រាជរដ្ឋាភិបាលកម្ពុជា មិននៅស្ងៀមឡើយចំពោះមុខសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងកំពុងជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែងក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បន្តប្រកាសតវ៉ាជាថ្មីទៀតប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃនៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
ឯកឧត្តមបញ្ជាក់ថា កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ នៅលើដែនអធិបតេយ្យភាពកម្ពុជា ដែលសកម្មភាពនេះ ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕

You might also like