ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទក្រោមអធិបតីភាពរបស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ។
អញ្ជើញមានវត្តមានដោយផ្ទាល់ក្នុងពិធីដ៏អធិកអធមនោះរួមមាន ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍ ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិ ជាមួយគ្នានោះ មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបចំនួនអ្នកចូលរួម ១៥៤៨នាក់។
អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជា ទទួលបានសន្តិភាព និងឯកភាពជាតិពេញលេញ ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍អន្តរជាតិ ហើយកិត្យានុភាពជាតិត្រូវបានលើកស្ទួយខ្ពស់ត្រដែតលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី តាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ ព្រមទាំងបានដាក់ចេញនិងអនុវត្តដោយជោគជ័យ នូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាលប្រកបដោយជោគជ័យ ។ ឯកឧត្ដមរដ្ឋមន្ដ្រី មានប្រសាសន៍បន្ដទៀតថា នៅក្នុងបុព្វហេតុនៃការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំបន្តវេនប្រកបដោយថាមវន្ត និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងបន្តអភិវឌ្ឍប្រទេសជាតិ តាមរយៈការដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ព្រមទាំងបានយកយុទ្ធសាស្រ្តគន្លឹះនៃគោលនយោបាយជាតិធ្វើជាកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រទាក់ក្រឡាប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ, ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ, ទី៣. ការអភិវឌ្ឍភូមិ និងសហគមន៍ជនបទចម្រុះប្រកបដោយភាពធន់ ឌីជីថល និងបរិយាបន្ន, ទី៤. ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតាមតំបន់ជនបទ, និងទី៥. ការពង្រឹងអភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការ។ នៅចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានសំណូមពរដល់អង្គសន្និបាតទាំងមូល ចូលរួមពិនិត្យលើវឌ្ឍនភាពការងារ បញ្ហា និងការប្រឈមនានានៃការអនុវត្តផែនការសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ព្រមទាំងចូលរួមពិភាក្សា ផ្តល់ជាមតិយោបល់ និងធាតុចូល ដើម្បីដោះស្រាយ និងដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៦ ឱ្យទទួលបានលទ្ធផលកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
សូមជម្រាបជូនថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអានរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារក្នុងឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ ព្រមទាំងមានការធ្វើបទបង្ហាញស្តីពីលទ្ធផល និងទិសដៅការងារបន្ដ ដោយមានប្រធានបទសំខាន់ៗតាមកម្មវិធីអាទិភាពទាំង ៥ រួមមាន៖ កម្មវិធីអាទិភាពទី១៖ ប្រធានបទ “មានផ្លូវ ធ្វើឱ្យជីវភាពប្រសើរឡើង”, កម្មវិធីអាទិភាពទី២៖ ប្រធានបទ “ទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា”, កម្មវិធីអាទិភាពទី៣៖ ប្រធានបទ “ភូមិគំរូ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន”, កម្មវិធីអាទិភាពទី៤៖ ប្រធានបទ “ពិពិធកម្មសេដ្ឋកិច្ចជនបទដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ”, និងកម្មវិធីអាទិភាពទី៥៖ ប្រធានបទ “ពង្រឹងអភិបាលកិច្ច ដើម្បីគុណភាពស្ថាប័ន”៕



