បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៦០ក្បាល នាំចូលពីប្រទេសឡាវ ដោយខុសច្បាប់ ក្នុងខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្មខេត្ត និងអធិការដ្ឋាននគរបាលស្រុករវៀង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងឃាត់រថយន្តម៉ាក HYUNDIA មួយគ្រឿង នៅលើផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង។
តាមការពិនិត្យជាក់ស្តែង រថយន្តនេះបានដឹកជ្រូករស់ចំនួន ១៦០ក្បាល នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ដើម្បីយកទៅចែកចាយតាមបណ្តារាជធានី-ខេត្ត ដោយពុំមានលិខិតអនុញ្ញាតនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឡើយ ដែលជាការល្មើសនឹងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ វត្ថុតាងត្រូវបានបញ្ជូនទៅរក្សាទុកនៅមជ្ឈមណ្ឌលចត្តាឡីស័ក ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។



