ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធគយសកលថ្មីដល់១៥ភាគរយ

(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយសកលលើទំនិញ ដែលនាំចូលសហរដ្ឋអាមេរិក ដល់១៥ភាគរយ ក្រោយសន្យាថានឹងនៅតែបន្តសង្រ្គាមពន្ធពាណិជ្ជកម្ម បន្ទាប់ពីតុលាការកំពូលអាមេរិក បានចេញសេចក្តីសម្រេចចាត់ទុកចំណាត់ការពន្ធគយ ដែលរូបលោកបានដាក់ចេញកន្លងមក ជារឿងខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា ក្រោយការត្រួតពិនិត្យហ្មត់ចត់លើការសម្រេចចិត្ត ដែលលោកចាត់ទុកថាមានលក្ខណៈប្រឆាំងអាមេរិក កាលពីថ្ងៃសុក្រដោយតុលាការកំពូល រដ្ឋបាលរបស់លោកនឹងដំឡើងពន្ធនាំចូលដល់អត្រា១៥ភាគរយ។
ដំបូងឡើយ ភ្លាមៗបន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចក្នុងសំឡេង៦ទល់នឹង៣ ច្រានចោលសិទ្ធិអំណាចរបស់ប្រធានាធិបតី ក្នុងការដំឡើងពន្ធគយនៅក្រោមច្បាប់ហៅថា IEEPA លោក ត្រាំ បានប្រកាសពន្ធគយសកលថ្មី ក្នុងអត្រា១០ភាគរយ តាមរយៈការប្រើប្រាស់មធ្យោបាយផ្លូវច្បាប់មួយផ្សេងទៀត។
គួរបញ្ជាក់ថា ពន្ធគយថ្មីខាងលើនេះ យោងតាមច្បាប់គឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យត្រឹម១៥០ថ្ងៃ។ បើតាមសេតវិមាន ការលើកលែងគឺនៅមានដដែល សម្រាប់វិស័យនានា ដែលស្ថិតក្រោមការស៉ើបអង្កេតដាច់ដោយឡែក រួមមានដូចជាវិស័យឱសថ និងទំនិញដែលនាំចូលអាមេរិក ក្រោមកិច្ចព្រមព្រៀងត្រីភាគីអាមេរិក-ម៉ិកស៉ិក-កាណាដា ជាដើម។ កាលពីថ្ងៃសុក្រ សេតវិមានបាននិយាយថា បណ្តាដៃគូពាណិជ្ជកម្មរបស់អាមេរិក ដែលបានឈានដល់កិច្ចព្រមព្រៀងពន្ធទ្វេភាគីជាមួយរដ្ឋបាលលោក ត្រាំ ក៏នឹងត្រូវប្រឈមជាមួយ ពន្ធសកលថ្មីនេះផងដែរ៕

You might also like