ក្រឡាប់រថយន្តលើផ្លូវល្បឿនលឿន បណ្តាលឱ្យស្លា//ប់ម្នាក់ និងរងរបួសធ្ង//ន់ស្រាល៦នាក់

(កំពង់ស្ពឺ)៖ រថយន្តគ្រួសារ១គ្រឿង ម៉ាកឡង់គ្រីស័រពណ៌ស ដឹកមនុស្ស៧នាក់ បានក្រឡាប់លើល្បឿនលឿន បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និង៦នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ១១៖៤៨នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តជួបឧប្បត្តិហេតុខាងលើនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BM-9888 បានក្រឡាប់លើល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពពីមន្ត្រីមូលដ្ឋានបញ្ជាក់ថា រថយន្តនេះ បានបើកបរពីទិសពីខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានរ៉េចង្កូតបណ្តាលឱ្យរថយន្តក្រឡាប់។

ជនរងគ្រោះក្នុងហេតុការណ៍នេះសរុបមានចំនួន ៧នាក់ក្នុងមាន៖ ១- អ្នកបើកបរឈ្មោះ ជា ប៉ូលីន ភេទស្រីអាយុ ៣៨ឆ្នាំ, ២-ឈ្មោះ ស៊ីវ អ៊ី ភេទស្រី អាយុ ៣១ឆ្នាំ, ៣- ឈ្មោះ ចេង ណៃស៊ត ភេទស្រី អាយុ ៦៦ឆ្នាំ, ៤- ឈ្មោះ ជា ឆោម ភេទប្រុស អាយុ ៧៧ឆ្នាំ, ៥- ឈ្នោះ អ៊ឹង ស៊ុយឈៀង ភេទប្រុស អាយុ ១៥ឆ្នាំ,៦- ឈ្មោះ អ៊ឹង ស៊ុយហ្គិាច ភេទស្រីអាយុ ១០ឆ្នាំ អ្នកទាំង ៦អ្នករស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី៧. ឈ្មោះ សូរ ដារ៉ាគន្ធី ភេទស្រីអាយុ ៤៥ឆ្នាំ រស់នៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុរថយន្តត្រូវបានចរាចរណ៍នាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ យកទៅរក្សាទុក ដើម្បីចាត់នីតិវិធីបន្ត។ ដោយឡែកសពជនរងគ្រោះ បានប្រគល់ឱ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like