រាជរដ្ឋាភិបាលកម្ពុជា តវ៉ាប្រឆាំងវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា ព្រមទាំងចាប់ពលរដ្ឋកម្ពុជាបីនាក់ នៅតំបន់កោះយ៉រ ខេត្តកោះកុង ! កម្ពុជាទាមទារឲ្យដោះលែងជាបន្ទាន់

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។
សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំង ការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពី កោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។
កម្ពុជាបានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រ កម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត៕

You might also like