ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តតាកែវ
នាថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងការងារថែទាំជាប្រចាំ (ដំណាក់កាលទី១) និងការងារថែទាំខួបលើប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមអគ្គនាយក និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់លើវឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រថែទាំខួប និងថែទាំជាប្រចាំ ចំនួន ៤ ទីតាំង រួមមាន៖
១. ប្រព័ន្ធធារាសាស្ត្រព្រៃអិដ្ឋ (ថែទាំខួប)៖ ការងារថែទាំប្រឡាយមេប្រវែង ៤ ៣២០ ម៉ែត្រ និងជួសជុលសំណង់សិល្បការ្យចំនួន ៩ កន្លែង (សំណង់បង្ហៀរ ទ្វារទឹក ស្ទាក់ទឹក និងលូ) ព្រមទាំងសាងសង់សំណង់លូមូលបន្ថែមចំនួន ៤ កន្លែង។
២. ប្រព័ន្ធធារាសាស្ត្រអាងទឹកខ្ពបត្របែក (ថែទាំជាប្រចាំ)៖ ការងារថែទាំប្រឡាយមេ (MC1) ប្រវែង ១៨ ០០០ ម៉ែត្រ និងសំណង់សិល្បការ្យសរុប ១០២ កន្លែង (សំណង់ទ្វារទឹកស្វ័យប្រវត្តិ សំណង់យកទឹក សំណង់ចែកចាយទឹក ស្ទាក់ទឹក និងស្ពាន)។
៣. ប្រព័ន្ធធារាសាស្ត្រហនុមាន (ថែទាំជាប្រចាំ)៖ ការងារថែទាំប្រឡាយមេចំនួន ៤ ខ្សែ ប្រវែងសរុប ២៨ ៥៤០ ម៉ែត្រ និងសំណង់សិល្បការ្យសរុប ៩២ កន្លែង (សំណង់ស្ទាក់ទឹក សំណង់ចែកចាយទឹក ស្ពានឆ្លងកាត់ និងលូដោះទឹក)។
៤. ប្រព័ន្ធធារាសាស្ត្រប្រឡាយមេត្នោត (ថែទាំខួប)៖ ការងារថែទាំប្រឡាយមេ និងប្រឡាយរងចំនួន ៣ ខ្សែ ប្រវែងសរុប ៥ ០៧០ ម៉ែត្រ ព្រមទាំងជួសជុលសំណង់សិល្បការ្យចំនួន ៥ កន្លែង និងសាងសង់សំណង់ថ្មីបន្ថែមចំនួន ២ កន្លែង។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានណែនាំដល់ក្រុមការងារអនុវត្តគម្រោង ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការជំរុញល្បឿនអនុវត្តការងារឱ្យទាន់តាមផែនការគ្រោងទុក សំដៅធានាប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្រោចស្រពជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមាននិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។






