ប្រភព ៖ ទាហានអាមេរិកប្រមាណ ១៥០នាក់ បានរងរបួសរហូតមកដល់ពេលនេះ ក្នុងសង្គ្រាមអ៊ីរ៉ង់

ប្រភពមួយចំនួនដែលដឹងបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារ (១០ មីនា) ទាហានអាមេរិករហូតដល់ ១៥០នាក់ បានរងរបួស គិតត្រឹមរយៈពេល ១០ថ្ងៃនៃសង្គ្រាមជាមួយអ៊ីរ៉ង់។ នៅមុនពេលដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយតួលេខនេះ មន្ទីរបញ្ចកោណទើបតែបានបង្ហាញព័ត៌មានថា មានបុគ្គលិកអាមេរិកតែ ៨នាក់ ប៉ុណ្ណោះដែលរងរបួសធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចេញផ្សាយរបាយការណ៍របស់ខ្លួន មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា តួលេខអ្នករងរបួសនេះមានចំនួនប្រហែល ១៤០នាក់ ហើយបាននិយាយថា ភាគច្រើននៃអ្នកទាំងនោះគឺរងរបួសស្រាល។ ចំណែកការស្លាប់របស់អាមេរិកក្នុងជម្លោះនេះ មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃចន្ទ (៩ មីនា) ថា មានអ្នកស្លាប់សរុបចំនួន ៧នាក់។
លោក Sean Parnell អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា៖ «ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការ Epic Fury មក សមាជិកកងទ័ពអាមេរិកប្រមាណ ១៤០នាក់ បានរងរបួសក្នុងគិតត្រឹមរយៈពេល ១០ ថ្ងៃនៃការវាយប្រហារជាបន្តបន្ទាប់»។ លោកបន្តថា សមាជិកយោធាដែលរងរបួសចំនួន ១០៨នាក់ បានត្រឡប់ទៅបំពេញកាតព្វកិច្ចវិញហើយ ហើយសមាជិកយោធាដែលរងរបួសធ្ងន់ធ្ងរទាំង ៨នាក់ កំពុងទទួលការព្យាបាល។
គួរឱ្យដឹងថា ក្នុងសង្រ្គាមដ៏ខ្លាំងក្លាអស់ជាច្រើនថ្ងៃមកនេះ អ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានយោធាអាមេរិក ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ក៏បានវាយប្រហារបេសកកម្មការទូតនៅក្នុងបណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់ ក៏ដូចជាសណ្ឋាគារ និងអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រេងផងដែរ៕

You might also like