ទីភ្នាក់ងារUN ៖ មនុស្សជិត ៥០០នាក់ស្លាប់ និងជិត៧សែននាក់ភៀសខ្លួន ខណៈអ៊ីស្រាអែលទម្លាក់គ្រាប់បែកទូទាំងលីបង់

កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទម្លាក់គ្រាប់បែកទូទាំងប្រទេសលីបង់ ខណៈដាក់គោលដៅលើក្រុមហេសបូឡា (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ អំឡុងសង្គ្រាមអាមេរិក -អ៊ីស្រាអែល លើអ៊ីរ៉ង់ បានឈានចូលដល់សប្ដាហ៍ទី២។
ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរបាននិយាយកាលពីថ្ងៃ១០មីនាថា វិបត្តិមនុស្សធម៌នៅលីបង់កាន់តែធ្ងន់ធ្ងរ អំឡុងសង្គ្រាមមជ្ឈិមបូព៌ាកាន់តែរីកធំ ដោយមានកុមារ ៨៤ នាក់ត្រូវបានសម្លាប់ និងមនុស្សជាង ៦៦៧.០០០ នាក់ត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈជីវិតប្រជាពលរដ្ឋធ្លាក់ក្នុងទុក្ខវេទនានៅទូទាំងប្រទេស។
ប្រទេសលីបង់ត្រូវបានទាញទម្លាក់ចូលក្នុងសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ នៅពេលក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា បានបាញ់គ្រាប់រ៉ូកែត និងយានដ្រូនចូលអ៊ីស្រាអែល ដែលបានឆ្លើយតបដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅទូទាំងប្រទេស និងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សសរុបចំនួន ៤៨៦ នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមរហូតមកដល់ពេលនេះ និង ១.៣១៣ នាក់រងរបួស ក្នុងនោះ ២៥៩ នាក់ជាកុមារ ។
លោក Abdinasir Abubakar តំណាងអង្គការសុខភាពពិភពលោកប្រចាំលីបង់បានលើកឡើងថា ខណៈជម្លោះនេះនៅតែបន្ត ពួកលោកបានមើលឃើញ កុមារជិត ១០០ នាក់បានបាត់បង់ជីវិត។
ចំណែកទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបាននិយាយនៅសប្ដាហ៍នេះថា ចំនួននៃការភៀសខ្លួនចេញទីផ្ទះសម្បែងទៅកាន់ទីមានសុវត្ថិភាពបច្ចុប្បន្ននៅក្នុងប្រទេសលីបង់គឺលើសពីកម្រិតដែលបានមើលឃើញក្នុងអំឡុងសង្គ្រាមឆ្នាំ ២០២៣-២០២៤ រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល៕

You might also like