អាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបក្រុមបង្កអសន្តិសុខ (ក្មេងទំនើង) ២នាក់ ក្រោយសកម្មភាពដេញវាយជនរងគ្រោះឱ្យរបួសធ្ងន់
ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់រាល់សកម្មភាពក្មេងទំនើងដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានបញ្ជាកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពហិង្សាដោយចេតនា។
ក្រោយការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៦ ពីជនរងគ្រោះចំនួន២នាក់ ១.ជនរងគ្រោះ ឈ្មោះ បុល ផានុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ។ ២.ជនរងគ្រោះ ឈ្មោះ ចាន់ រតនៈ (ហៅក្រៅ ប៊ឺត) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ពួកគេបានរៀបរាប់ថា នៅវេលាម៉ោងប្រហែ២២យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ជនរងគ្រោះបានចេញពីរោងការ ជិះម៉ូតូ២គ្រឿង មានគ្នា៥នាក់ (ប្រុស៤ ស្រី១) ជិះដល់មុខផ្ទះសំណាក់ភ្នំមាស ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ មានគ្នា២នាក់(ជនសង្ស័យ) ជិះបញ្ច្រាស់ទិសគ្នា បានដេញតាមជនរងគ្រោះ យកដំបងដែក វាយទៅលើជនរងគ្រោះឈ្មោះ ចាន់ រតនៈ បណ្ដាលឲ្យបែកក្បាលដេរចំនួន៣ថ្នេរ និងឈ្មោះ បុល ផានុន ធ្លាក់ពីលើម៉ូតូ។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត ស្រាវជ្រាវមុខសញ្ញា និងឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៦ ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន ១. ឈ្មោះ ភុំ រតនៈ (ជនដៃដល់) អាយុ ២៥ឆ្នាំ រស់នៅសង្កាត់ស្ពានមានជ័យ។ ២. ឈ្មោះ សុំ ចាន់នេត (អ្នកឌុប) អាយុ ២៣ឆ្នាំ រស់នៅសង្កាត់សុខដុម។ តាមចម្លើយសារភាព ជនដៃដល់បានឆ្លើយថា មូលហេតុគឺដោយសារខឹងនឹងជនរងគ្រោះសម្លឹងមុខ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ទូរស័ព្ទដៃ ២គ្រឿង និងដំបងដែកជ្រុងដែលប្រើសម្រាប់ធ្វើសកម្មភាពចំនួន ១ដើម។បច្ចុប្បន្ន(ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៦) ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក៏បានក្រើនរំលឹកដល់យុវជនទាំងឡាយ ត្រូវបញ្ឈប់រាល់សកម្មភាពបង្កអសន្តិសុខក្នុងសង្គម បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងច្បាប់ដោយគ្មានការលើកលែងឡើយ៕






