ឧបនាយករដ្ឋមន្ត្រី ស សុខា ឧបត្ថម្ភគាំទ្រយុវជនចំនួន២១៣នាក់ នៅស្រុកស៊ីធរកណ្ដាល ចុះទស្សនកិច្ចសិក្សាឈ្វែងយល់តំបន់ប្រវត្តិសាស្ត្រចំនួន ៣ ទីតាំងនៅភ្នំពេញ

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា បានជួយឧបត្ថម្ភគាំទ្រយុវជនស្រុកស៊ីធរកណ្ដាលចំនួន ២១៣នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាឈ្វែងយល់តំបន់ប្រវត្តិសាស្ត្រចំនួន ៣ ទីតាំង នៅថ្ងៃទី១១ ខែមីនាឆ្នាំ ២០២៦។
តំបន់ប្រវត្តិសាស្ត្រចំនួន ៣ ទីតាំង រួមមាន ទី១-មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា,ទី២-សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងទី៣-វិមានឈ្នះឈ្នះដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្រ្តថ្មីៗរបស់កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ យុវជនបានយល់ដឹងកាន់តែច្បាស់ អំពីសក្ខីកម្មនៃអំពើប្រល័យពូជសាសន៍ របស់របប ប៉ុល ពត យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបប៉ុលពតពិតជាមានការកាប់សម្លាប់ប្រជាជនដោយឥតញញើតដៃតាមគ្រប់រូបភាពអស់រាប់លាននាក់ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។
ជាមួយគ្នានេះ យុវជនបានយល់ដឹងកាន់តែច្បាស់ អំពីវីរភាពការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនមួយចំនួនទៀត ដោយបានយកជីវិតធ្វើជាដើមទុន ក្រោកឈរតស៊ូរំដោះប្រទេសជាតិរហូតទទួលបានជ័យជំនះជូនជាតិមាតុភូមិ ព្រមទាំងទទួលបាននូវទស្សនៈមួយគឺស្អប់ខ្ពើមសង្គ្រាម ហើយស្រឡាញ់សន្តិភាព។
បន្ថែមលើសពីនេះ យុវជនក៏បានស្ដាប់ការពន្យល់យ៉ាងក្បោះក្បាយ និងទស្សនាអំពីប្រវត្តិនៃការអនុវត្តយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិទទួលបានសន្តិភាពមកដល់សព្វថ្ងៃនេះ។
ក្នុងឱកាសនោះដែរ យុវជនទាំងអស់ សូមថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំង លោកអភិសន្តិបណ្ឌិត និងលោកស្រី ដែលបានផ្ដល់ឱកាសដល់យុវជនបានស្គាល់ទីតាំងប្រវត្តិសាស្ត្រទាំងនេះ និងសូមប្ដេជ្ញាចិត្តចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងមិនឱ្យរបបដ៏យង់ឃ្នងនេះ វិលមកវិញសារជាថ្មីលើទឹកដីមាតុភូមិកម្ពុជា ជាទីស្នេហានៃយើងឡើយ ៕

You might also like