កម្ពុជា-អាល្លឺម៉ង់ បង្ហាញបំណងរួមគ្នាក្នុងការបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដើម្បីជួបពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយចប់កិច្ចប្រជុំកាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា នាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាល្លឺម៉ង់លើវិស័យកសិកម្ម ជាពិសេសភាពជាដៃគូល្អក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយគុណភាពកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍ផែនការរបស់ក្រុមហ៊ុនអាល្លឺម៉ង់ ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា នៅមុនបញ្ចប់ជំនួបនេះ ភាគីកម្ពុជា-អាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែងដើម្បីជំរុញកសិ-ពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាព និងនិរន្តរភាពនៃវិស័យកសិកម្ម៕






