ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល និងឯកឧត្តម ម៉ៅ ធនិន អញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាស្ពានដំរីផុង នៅស្រុកទឹកឈូ

( កំពត) នាថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញដឹកនាំក្រុមការងារចុះបើកការដ្ឋានស្ថាបនាស្ពានបេតុង ១កន្លែង (ស្ពានដំរីផុង) ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក។

ពិធីនេះ មានការចូលរួមពីឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ. តំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ ក្រុមការងារបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោកក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ប្រមាណ ៦៦០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា ស្ពានដំរីផុងនេះ គឺជាចំណងដៃថ្មីមួយ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងគោលដៅពហុបំណងបានគ្រប់រដូវកាល ធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេស វាជាសសៃឈាមសេដ្ឋកិច្ច ក្នុងការតភ្ជាប់ធុរកិច្ចពីតំបន់មួយទៅតំបន់មួយ និងកាត់បន្ថយភាពក្រីក្រ។

បន្ទាប់ពីស្ពានដំរីផុងនេះបានស្ថាបនារួចរាល់ ប្រជាជននឹងអាចធ្វើដំណើរឆ្លងកាត់ បានគ្រប់រដូវកាល និងពហុបំណង ដោយពុំមានកង្វល់អំពីការលំបាកនៅរដូវវស្សាទៀតឡើយ ហើយយើងពិតជាមានមោទកភាព ចំពោះប្រជាជនដែលរស់នៅតំបន់នេះ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរឆ្លងកាត់ ជាពិសេស វានឹងចូលរួមចំណែកដោយផ្ទាល់និងប្រយោល ក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិនាពេលអនាគត។

លើសពីនេះ ស្ពានេះនឹងផ្តល់នូវសក្តានុពលដោយត្រង់ និងដោយប្រយោល ដូចជា ការធ្វើសមាហរណកម្មរវាងជនបទ និងទីក្រុង ការចំណាយលើថ្លៃដឹកជញ្ជូនត្រូវបានកាត់បន្ថយពេលវេលាធ្វើដំណើរត្រូវបានកាត់បន្ថយ និងមានផាសុកភាព ជាពិសេសការកាត់បន្ថយនិងលុបបំបាត់ភាពក្រីក្រ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នេះឲ្យមានភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រជាជននឹងមានលទ្ធភាពនិងកាលានុវត្តភាពថ្មីៗ ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរិមា ពីការតភ្ជាប់ស្ពានដំរីផុងមួយនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យោគយល់ អធ្យាស្រ័យ និងសហការជាមួយក្រុមការងារស្ថាបនា ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារខាងលើ។

You might also like