លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

នាថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRMP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសប្រជុំជាមួយមន្ទីរ និងចុះពិនិត្យទីតាំងជាក់ស្តែងនៃប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលជាគម្រោងអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្នុងដំណើរបេសកកម្មនេះ លោកជំទាវអនុរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងលើអនុគម្រោងសំខាន់ៗចំនួន ២ រួមមាន៖ ទី១)សំណង់ក្បាលហុង ស្ថិតក្នុងក្រុងពោធិ៍សាត់ និងទី២)ប្រព័ន្ធធារាសាស្ត្រស្វាយអាត់ ស្ថិតក្នុងឃុំកោះជុំ ស្រុកកណ្តៀង។
លោកជំទាវអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការចុះពិនិត្យនេះមានគោលបំណងជំរុញការងារសិក្សាលម្អិត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព និងបទដ្ឋានបច្ចេកទេសឱ្យបានច្បាស់លាស់ មុននឹងឈានដល់ការចាប់ផ្ដើមដំណើរការសាងសង់នាពេលខាងមុខ។ លោកជំទាវបានបន្ថែមថា ក្រោយពេលការសាងសង់បញ្ចប់ជាស្ថាពរ ហេដ្ឋារចនាសម្ព័ន្ធធនធានទឹកទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ផលិតកម្មកសិកម្មគ្រប់រដូវកាល ព្រមទាំងបង្កើនសមត្ថភាពទប់ស្កាត់ និងកាត់បន្ថយការជន់លិចក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ នារដូវវស្សាផងដែរ។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេស និងទីប្រឹក្សាជាតិ-អន្តរជាតិ ត្រូវបន្តពន្លឿនការងារសិក្សា និងដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យតាមគោលដៅ និងផែនការដែលបានកំណត់ទុក៕

You might also like