បងប្អូនខេត្តក្រចេះ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៦

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេ នៅខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨-២៩ ខែមីនា ឆ្នាំ២០២៦ ឆាប់ៗខាងមុខ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង ឯកឧត្តម លោកជំទាវ ជាប្រធានអនុគណៈកម្មការ ព្រមទាំងលោកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិល, សមាគម, ស.ស.យ.ក. ក្រុមហ៊ុនឯកជន ក្នុងវិស័យឯកជន លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិការសឹករងខេត្ត និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តសរុប ១១៥រូប។

នៅក្នុងកិច្ចប្រជុំឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចអំពីគោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ៖

១). ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដងទន្លេកម្ពុជា (ជាពិសេសខេត្តក្រចេះ)។

២.) អភិរក្សនិងអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមការធ្វើពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

៣.) បង្កើតជាឱកាសជំរុញការអភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍

៤.) ពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍នៅក្នុងខេត្តក្រចេះ។

៥.) ពង្រឹងការអភិវឌ្ឍន៍នៅមូលដ្ឋាន មានជាអាទិ៍ ការរៀបចំកែលម្អនិងតុបតែងសោភណភាពក្រុងហេដ្ឋារចនាសម្ព័ន្ធខេត្តម្ចាស់ផ្ទះ។

You might also like