កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនបុរសម្នាក់ដែលដេញកាប់ឪពុក

ខេត្តកំពង់ស្ពឺ÷មន្ត្រីកងរាជអាវុធហត្ថក្រុងច្បារមនបានឲ្យដឹងនៅទី១៣ខែមីនានេះថា កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ករណីបង្កហិង្សាក្នុងគ្រួសារ (ដេញកាប់ឪពុករបស់ខ្លួនឯង)ដោយមានការប្តឹងតាម រយៈលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២។
ប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោង១២:១០នាទី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HoteLine1292 (២៤ម៉ោងលើ២៤ម៉ោង)នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួល ការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ រាយការណ៍ប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកូនប្រុសបានធ្វើ សកម្មភាពដេញកាប់ឪពុករបស់ខ្លួន ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម នៅវេលាម៉ោង ១២:៤៥នាទី(ថ្ងៃខែឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងច្បារមន បានចុះទៅដល់ទីតាំងកើតកន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។
ជនសង្ស័យមានឈ្មោះ ម៉ន សុខណុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដោយចាប់យកវត្ថុតាងបានរួមមាន កាំបិតផ្គាក់ចំនួន ១ដើម ដែលជនសង្ស័យបានយកធ្វើសកម្មភាពដេញកាប់។
‎ ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕‎

You might also like