ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចុះពិនិត្យទីតាំងត្រៀមបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ

នាថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងជាក់ស្តែងដែលត្រូវអនុវត្តការងារបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម ក្នុងគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនក្រុមការងារនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (NPMEC) នូវទីតាំងគោលដៅអាទិភាពចំនួន ០៤ កន្លែង រួមមាន៖ ទី១) ទីតាំងធ្វើការ និងស្នាក់នៅរបស់ក្រុមបច្ចេកទេស និងកម្មករ ទី២) ទីតាំងដែលត្រូវយកថ្មមកកសាងទំនប់ ទី៣) ទីទីតាំងសាងសង់ទំនប់ និងសំណង់ការងារទឹក និងទី៤) ទីតាំងអាងស្តុកទឹក។ បន្ថែមលើសពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្នគម្រោងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនសាងសង់ ហើយរំពឹងថានឹងអាចបើកការដ្ឋានជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ មានទីតាំងស្ថិតក្នុងឃុំចំការបុក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ចម្ងាយប្រមាណ ១២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)។ អាងទឹកស្ទឹងស្វាហាប់នេះ មានសមត្ថភាពស្តុកទឹកបានជាង ១៥៣ លានម៉ែត្រត្រីគុណ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះទឹកជំនន់នៅផ្នែកខាងក្រោម ព្រមទាំងផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម ឧស្សាហកម្ម ការចិញ្ចឹមសត្វ ការប្រើប្រាស់ជាប្រភពទឹកស្អាត និងបម្រើឱ្យគោលបំណងពហុវិស័យផ្សេងៗទៀតនៅក្នុងតំបន់ ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ៕

You might also like