ចាប់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធជួញដូរកញ្ឆាជាង២០០ក្រាម
(បាត់ដំបង)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ នៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង កាលពី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងការដឹកនាំផ្ទាល់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន។ ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កញ្ឆាក្រៀមចំនួន៥៨ថង់ និង១កំប៉ុង ទម្ងន់សរុបជាង២១៣ក្រាម (ថ្លឹងទាំងសំបក) ទូរស័ព្ទដៃ៤គ្រឿង សម្ភារសម្រាប់ជក់មួយចំនួន និងម៉ូតូ៣គ្រឿង។
ជនសង្ស័យទាំង៧នាក់ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខណៈសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។






