ប្រធាននគរបាល ៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស ៥០០នាក់ ដែលត្រូវបានចោទប្រកាន់ថា ធ្វើចារកម្មឱ្យសត្រូវ

ប្រមុខនគរបាលរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ មីនា) ថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានចាប់ខ្លួនមនុស្សចំនួន ៥០០ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចែករំលែកព័ត៌មានទៅកាន់សត្រូវរបស់អ៊ីរ៉ង់ ខណៈយន្តហោះចម្បាំងរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតែបន្តវាយប្រហារលើគោលដៅថ្មីៗនៅក្នុងប្រទេសនេះ។
លោក Ahmadreza Radan ប្រធាននគរបាលអ៊ីរ៉ង់ បានលើកឡើងដោយមិនបានបញ្ជាក់លម្អិតអំពីពេលវេលានៃការចាប់ខ្លួននោះថា៖ ក្នុងចំណោមករណីចាប់ខ្លួនទាំងនោះ មានចំនួនពាក់កណ្តាលគឺជាករណីធ្ងន់ធ្ងរ «រួមទាំងបុគ្គលដែលបានផ្តល់ព័ត៌មានសម្រាប់កំណត់គោលដៅវាយប្រហារ និងបុគ្គលដែលបានថតរូបភាពទីតាំងដែលរងការវាយប្រហារ រួចផ្ញើចេញទៅក្រៅ»។
នៅមុននោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍អំពីការចាប់ខ្លួនមនុស្សរាប់សិបនាក់ នៅក្នុងតំបន់មួយចំនួនកាលពីថ្ងៃអាទិត្យកន្លងទៅ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា អង្គភាពចារកម្មសម្ងាត់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រចាំខេត្តមួយ បានឱ្យដឹងថា៖ «ខណៈដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងព្យាយាមឈ្លានពានអ៊ីរ៉ង់ ពួកគេក៏បានបញ្ជាឱ្យភ្នាក់ងារស៊ីឈ្នួល និងចារបុរសធ្វើសកម្មភាពបង្កចលាចលក្នុងពេលដំណាលគ្នា ដែលជាជំហានបន្តបន្ទាប់ផងដែរ»។
ប្រភពមួយដែលដឹងព័ត៌មានអំពីយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក្នុងសប្តាហ៍នេះថា អ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ដោយផ្អែកលើតម្រុយពីអ្នកផ្តល់ព័ត៌មាននៅក្នុងតំបន់ផ្ទាល់ ដែលនេះតំណាងឱ្យដំណាក់កាលថ្មីមួយនៃការវាយលុករបស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់៕

You might also like