មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអាមេរិក និងចិនជួបគ្នាក្នុងទីក្រុងបារីស ដើម្បីបើកផ្លូវសម្រាប់ជំនួបកំពូលលោកTrump-Xi
ក្រុមមន្ត្រីសេដ្ឋកិច្ចកំពូលអាមេរិក និងចិន បានចាប់ផ្តើមកិច្ចចរចាជុំថ្មីមួយនៅទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ ១៥ មីនា ដើម្បីដោះស្រាយភាពជាប់គាំងនៃការផ្អាកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបើកផ្លូវរលូនសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅចុងខែមីនានេះ។
ការពិភាក្សាដែលដឹកនាំដោយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក និងលោក ហ៊ើ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋមន្ត្រីចិន ត្រូវគេរំពឹងថានឹងផ្តោតលើការផ្លាស់ប្តូរពន្ធរបស់អាមេរិក លំហូរនៃរ៉ែដ៏កម្រ និងមេដែក ដែលផលិតនៅចិនទៅកាន់អ្នកទិញអាមេរិក ការគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាខ្ពស់របស់អាមេរិក និងការទិញផលិតផលកសិកម្មរបស់ចិនពីអាមេរិក។
មន្ត្រីក្រសួងរតនាគារអាមេរិកមួយរូបបាននិយាយថា ភាគីទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សាកាលពីព្រឹកថ្ងៃអាទិត្យ នៅទីស្នាក់ការកណ្តាលទីក្រុងប៉ារីសរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ចិនមិនមែនជាសមាជិកក្លឹបនៃប្រទេសប្រជាធិបតេយ្យចំនួន៣៨ ដែលភាគច្រើនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះទេ ហើយចាត់ទុកខ្លួនឯងថាជាប្រទេសកំពុងអភិវឌ្ឍន៍។
លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏នឹងចូលរួមក្នុងកិច្ចចរចានេះផងដែរ ដែលបន្តកិច្ចប្រជុំជាបន្តបន្ទាប់នៅក្នុងទីក្រុងនានានៅអឺរ៉ុបកាលពីឆ្នាំមុន ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង ដែលបានគំរាមកំហែងដល់ការដួលរលំនៃពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
ក្រុមអ្នកវិភាគពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន បាននិយាយថា ដោយមានពេលវេលាតិចតួចដើម្បីរៀបចំនិងការយកចិត្តទុកដាក់របស់ទីក្រុងវ៉ាស៊ីនតោនផ្តោតលើសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ការរំពឹងទុកសម្រាប់ការទម្លាយភាពទាល់ច្រកផ្នែកពាណិជ្ជកម្មដ៏សំខាន់មួយ នឹងមានកម្រិត នៅទីក្រុងប៉ារីសពេលនេះ ឬនៅឯកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនាពេលខាងមុខ៕






