ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី

នាថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃអគារឡូវគឹមសេង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពនិងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។
សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំមានចំនួន ៣០២៨នាក់។ ក្រុមការងារគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានស្រុក-ក្រុងទាំង៩ ឃុំ-សង្កាត់ទាំង៨១ និងភូមិទាំង៧៦៥ នៃខេត្តកំពង់ធំ បានសហការគ្នាយ៉ាងជិតស្និទ្ធ និងខិតខំយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥របស់រាជរដ្ឋាភិបាល សភាពការណ៍នានា និងសមិទ្ធផលដែលសម្រេចបាន យ៉ាងសកម្មផុលផុស ដើម្បីលើកកម្ពស់ការគាំទ្រនិងការចូលរួមពីប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធនៅមូលដ្ឋាន។
លើសពីនេះ ក្រុមការងារក៏បានពង្រឹងជាប្រចាំនូវគោលជំហរ ស្មារតីសាមគ្គីភាព ឯកភាពជាតិ រួមសហការគ្នាជាកម្លាំងតែមួយទាំងរដ្ឋាភិបាល កងទ័ព និងប្រជាជន ជាមួយនឹងការប្ដេជ្ញាចិត្ត ឈឺឆ្អាល ចែករំលែក និងលះបង់ ដើម្បីជួយគាំទ្រនិងឈរនៅពីក្រោយដ៏រឹងមាំក្នុងការទប់ទល់នឹងការឈ្លានពានអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។
សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានបង្កើតក្រុមការងារតាមវិស័យចំនួន៨ ដើម្បីប្រមូលផ្ដុំកម្លាំង ធនធាន គោលគំនិត ទស្សនៈ យុទ្ធសាស្ត្រ និងទាញយកសក្តានុពលស្របតាមស្ថានភាពជាក់ស្តែង និងបានដាក់ចេញនូវការដ្ឋានយុទ្ធសាស្ត្រចំនួន៣ គឺ ១)ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជននិងការធានានូវសមធម៌និងយុត្តិធម៌សង្គម ២)ការតម្រង់ទិស ការគាំទ្រ ការជំរុញ និងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥របស់រាជរដ្ឋាភិបាល និង ៣)ការពង្រឹងនិងពង្រឹកយន្តការផ្សព្វផ្សាយនិងការងារគ្រប់គ្រងសាធារណៈមតិ៕

You might also like