អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល និងពលរដ្ឋចងចាំជានិច្ចនូវវីរភាពដ៏អង់អាចរបស់វីរកងទ័ព វីរនគរបាល បានបូជាអាយុជីវិតការពារប្រជាជន និងបូរណភាពទឹកដី

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំនៃយើង និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងវីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដីដើម្បីនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាពិសេសសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតចំពោះគ្រួសារយុទ្ធជនពលី, ជាក់ស្ដែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មី៣ខ្នងទៀតជូនគ្រួសារវីរកងទ័ពពលីដែលក្នុងនោះ ផ្ទះ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និង១ខ្នងទៀត ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សកម្មភាពផ្តល់ផ្ទះថ្មីជូនគ្រួសារវីរយុទ្ធជនពលីជាបន្តបន្ទាប់សបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតចំពោះគ្រួសារយុទ្ធជនពលីដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាចំពោះវីរយុទ្ធជនរងរបួសនិងវីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ ព្រមទាំងពលរដ្ឋភៀសឹក។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ជារៀងរាល់លើក នៅក្នុងពិធីប្រគល់ផ្ទះថ្មីជូនគ្រួសារវីរយុទ្ធជនពលី លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនិងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយជាច្រើនរបស់សម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ មានដូចជា ថវិកា សម្ភារៈប្រើប្រាស់ និង គ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារសពដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំនៃយើង និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងវីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដីដើម្បីនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។
ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។
ជាក់ស្តែង តមតាមការអំពាវនាវរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសម្រេចលើកលែងការប្រាក់យ៉ាងច្រើនសម្រាប់គ្រួសារជនភៀសសឹកដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងបានលុបចោលបំណុល(ទាំងប្រាក់ដើម ទាំងការប្រាក់) រាប់លានដុល្លារដល់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលីដើម្បីជាការដឹងគុណចំពោះការលះបង់ និងជួយសម្រួលជីវភាពរបស់ពួកគេក្នុងគ្រាដ៏លំបាកនេះផង។
នៅក្នុងសារផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូបក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមដើម្បីកាពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី។ គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលជម្រាបជូនជនរួមជាតិជ្រាបថា ទន្ទឹមនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារវីរយុទ្ធជនពលី វីរយុទ្ធជនរងរបួស ក៏ដូចជាវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ និងពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក៏ កំពុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងប្តូរផ្តាច់បំផុតតាមរយៈនយោបាយការទូតសកម្មនិងដោយសន្តិវិធីស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ ជាក់ស្តែង រាជរដ្ឋាភិបាលបាននិងកំពុងបន្តការងារបេសកកម្មការទូតយ៉ាងមមាញឹកទាំងនៅក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឱ្យបានឆាប់ ប្រកបដោយយុត្តិធម៌ ត្រឹមត្រូវនិងចីរកាល ដោយមានច្បាប់អន្តរជាតិជាគោល៕

You might also like