កម្លាំងនគរបាលស្រុកសង្កែ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់មួយករណី និងឃាត់ខ្លួនជនសង្ស័យសរុប ៤នាក់ ព្រមទាំងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២៤ថង់។
(បាត់ដំបង)៖ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមការអនុវត្តបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។
ដំបូង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វី វ៉ាន់ដា ហៅ «ហ៊ា» អាយុ១៩ឆ្នាំ ហើយតាមចម្លើយសារភាព និងក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា កម្លាំងជំនាញបានបន្តប្រតិបត្តិការ រហូតឃាត់ខ្លួនជនសង្ស័យបន្ថែមបាន ៣នាក់ទៀត រួមមាន ឈុំ រើន, ធី ប៊ុនធឿន និង អ៊ីសើ រ៉ស្ស៉ីស។
ក្នុងនោះ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទ «ម៉ាទឹកកក» ២៤ថង់ ថង់សម្រាប់ច្រករំលែកមួយចំនួន ទូរស័ព្ទដៃ ៣គ្រឿង និងសម្ភារកែច្នៃប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕






