កម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ បោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងក្រចេះ, ខណៈឆ្នាំ២០២៥ ការនាំចេញសំបកកង់រថយន្តមានទឹកប្រាក់ ១ ៣៨០លានដុល្លារ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ។
រោងចក្រទាំងនោះបានកំពុងតែស្រូបយកវត្ថុធាតុដើមជាជ័រកៅស៊ូ ក្នុងស្រុកមួយចំនួនធំ ដែលអាចចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែង។
ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយនឹងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជា, សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា, តំណាងក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្តទាំង៨ ដែលមានវត្តមាននៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ដែលផ្តោតលើសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់កៅស៊ូក្នុងស្រុក របស់ឧស្សាហកម្មផលិតសំបកកង់រថយន្ត ដែលអាចចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០២៥ ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន២២៣ ០៤១ ២៥៩ដុល្លារ។ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤៦ ៨៤២ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ១០១ ២០៨ហិកតា ស្មើនឹង២៣%។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅឆ្នាំ២០២៥ កម្ពុជាបានសម្រេចការនាំចេញសំបកកង់រថយន្ដ ក្នុងទំហំទឹកប្រាក់ ១ ៣៨០លានដុល្លារ កើនឡើង៥៧.៨៦% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ មានចំនួន ៨៧៤លានដុល្លារ៕

You might also like