កម្ពុជា-អូស្ត្រាលី បន្តស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត លើការអភិវឌ្ឍជំនាញនៅកម្ពុជា
បន្ទាប់ពីបានខិតខំរួមគ្នាសម្រេចបាននូវការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE Cambodia) កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួប លោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី សារ៉ន ប៊ូរ៉ូ (Sharan Burrow) ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថាន Bendigo Kangan (BKI) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលវិស័យឧស្សាហកម្មនៅកម្ពុជាកំពុងមានតម្រូវការខ្ពស់។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារនេះ បានសសេរឱ្យដឹងថា ក្នុងបរិយាកាសដ៏រីករាយ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ស្ថានទូតអូស្រ្តាលី និងវិទ្យាស្ថាន BKI ជាមួយក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ការជឿជាក់ជ្រើសរើសបង្កើតបានភាពជាដៃគូ ឈានដល់ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តនេះ។ សមិទ្ធផលនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ សម្រាប់ជាគំរូឈានទៅពង្រីកឱកាសក្នុងការរួមគ្នាអភិវឌ្ឍជំនាញប្រកបដោយស្តង់ដាខ្ពស់នៅកម្ពុជា។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដល់យុវជនគោលដៅ ១លាន ៥សែននាក់ ដែលជាសសរស្តម្ភសំខាន់នៃការអភិវឌ្ឍជំនាញនៅកម្ពុជា ជាពិសេសការពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម ដោយផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងសិស្សបោះបង់ការសិក្សាផងដែរ ដើម្បីជាមធ្យោបាយឱ្យយុវជនទទួលបានជំនាញមុនចូលទីផ្សារការងារ ដោយសារតែកម្មវិធី TVET មានភាពបត់បែនខ្ពស់។
ជាការឆ្លើយតប ភាគីអូស្រ្តាលីបានថ្លែងអំណរគុណចំពោះក្រសួងការងារ និងសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចសហការនេះ ដោយគូសបញ្ជាក់ថា មជ្ឈមណ្ឌល ACE Cambodia ពិតជាមានសារៈប្រយោជន៍ខ្លាំងចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាសញ្ញានៃការរីកចម្រើនទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ ភាគីអូស្ត្រាលី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ និងពង្រឹងទំនាក់ទំនងកិច្ចសហការបន្តជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដាជំនាញប្រកបដោយនិរន្តរភាព ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៅកម្ពុជា៕






