បុរសជនជាតិខ្មែរចំនួន៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជនជាតិចិនបានរងរបួសធ្ងន់ស្រាលចំនួន៣នាក់ គ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នា
ខេត្តកំពង់ស្ពឺ ៖ បុរសជនជាតិខ្មែរចំនួន៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជនជាតិចិនបានរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នានៅលើផ្លូវល្បឿនលឿនយ៉ាងពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូលេខ(57+800) ស្ថិតនៅក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា រថយន្តទាំង៣គ្រឿងខាងលើ រួមមាន រថយន្ត១គ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 2AK-6866 បើកបរដោយឈ្មោះម៉ុក គីមហាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អ្នករួមដំណើរមនុស្សចំនួន២នាក់ ៖ ទី១/ឈ្មោះ អុល ចាន់រ៉ុម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី២/ឈ្មោះ ផាន ភក្ត្រា ភេទប្រុសអាយុ២៤ ឆ្នាំ រស់នៅភូមិរកាធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
រថយន្ត១ គ្រឿងទៀត ម៉ាក HYUNDAI 5T ពណ៌ស ផ្លាកលេខ កំពត 3A-2735 អ្នកបើកបរមិនស្គាល់អត្តសញ្ញណ(បានរត់គេចខ្លួនក្រោយពេលកើតហេតុរួច) ។
រថយន្ត១គ្រឿងទៀត ម៉ាក GAC M8 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2CE-9382 បើកបរដោយឈ្មោះ JIANG TIANQIAO ភេទប្រុសអាយុ៣៤ឆ្នាំ(ជនជាតិចិន) កាន់លិខិតឆ្លងដែនលេខEF 9100394 មានអ្នករួមដំណើរចំនួន២នាក់៖ ទី១/ឈ្មោះ JIANG XIN ភេទប្រុសអាយុ៣៥ឆ្នាំ(ជនជាតិចិន)កាន់លិខិតឆ្លងដែនលេខEE 2265833 និងទី២/ឈ្មោះ HIANG WEI ភេទប្រុសអាយុ៥៨ឆ្នាំ(ជនជាតិចិន)កាន់លិខិតឆ្លងដែនលេខEJ2535633 ទាំង៣នាក់ស្នាក់នៅក្នុងខេត្តព្រះសីហនុ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្ត០១ គ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ស បានបើកបរតាមបណ្ដោយផ្លូវល្បឿនលឿនពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ -ខេត្តព្រះសីហនុ) លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយថយន្ត១ គ្រឿង ម៉ាកHYUNDAI 5T ពណ៌ស ដែលកំពុងបើកបរស្របទិសគ្នាពេញទំហឹង បន្ទាប់មកក៏មានរថយន្ត១គ្រឿងទៀត ម៉ាក GAC M8 ពណ៌ខ្មៅ ដែលកំពុងបើកបរពីទិសខាងកើតទៅទិសខាងលិច បានទៅបុករថយន្ដTUNDRA ដែលបានជួបគ្រោះថ្នាក់នោះយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដែលជិះក្នុងរថយន្ត TUNDRA ស្លាប់ទាំង០៣នាក់ ដែលជនរងគ្រោះរួមមាន(ឈ្មោះម៉ុក គឺមហាប់ ឈ្មោះអុល ចាន់រ៉ុម និងឈ្មោះផាន ភក្ត្រា )នៅកន្លែងកើតហេតុតែម្តង និងរងរបួសមនុស្សធ្ងន់/ ស្រាលចំនួន៣ នាក់ ជាជនជាតិចិន ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ដឹងថាក្រោយធ្វើការវាស់វែងនៅកន្លែងកើតហេតុ សពជនរងគ្រោះទាំង៣នាក់ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
នគរបាលជំនាញបានស្ទូចយករថយន្តទាំង០៣ គ្រឿងដែលរងការខូចខាតកម្រិតធ្ងន់ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕






