ទូត និងធុរជនពីប្រទេសអូទ្រីស ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Andreas Sumper អនុប្រធានបេសកកម្មស្ថានទូតអូទ្រីសប្រចាំកម្ពុជា លោក Max Gridling អគ្គកុងស៊ុលកិត្តិយសអូទ្រីស និងលោក Christian-Petru Ciochirca នាយកប្រតិបត្តិនៃក្រុមហ៊ុន M8 M8imize GmbH ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងឱកាសនៃបេសកកម្មពាណិជ្ជកម្មមកប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
លោកប្រធានប្រតិភូ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីបេសកកម្មពាណិជ្ជកម្មរបស់ស្ថានទូតដែលបានដឹកនាំក្រុមហ៊ុនធំៗ ពីប្រទេសអូទ្រីសជាច្រើនក្រុមហ៊ុនពីអាជីវកម្មផ្សេងៗ មកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គម កាលានុវត្តភាពវិនិយោគ ជាពិសេសលើវិស័យទេសចរណ៍។
ក្នុងជំនួបនេះដែរ លោកតំណាងក្រុមហ៊ុន បានណែនាំអំពីសកម្មភាព និងបទពិសោធរបស់ក្រុមហ៊ុន លើការរៀបចំព្រឹត្តិការណ៍កីឡាកន្លងមក ដែលអាចរួមចំណែកជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតអូទ្រីសប្រចាំកម្ពុជា និងធុរជនអូទ្រីសជាប្រតិភូដែលបានមកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គមពិតជាក់ស្តែង ដែលកំពុងមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈកត្តាសុខសុវត្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់នូវកាលានុវភាពវិនិយោគ និងសក្តានុពលទេសចរណ៍ដ៏ល្អប្រៀបដូចជាតារាទើបនឹងរះបង្ហាញដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ។
ក្នុងជំនួបប្រកបដោយផ្លែផ្កា គូភាគី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែល្អ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងឧស្សាហកម្មបដិសណ្ឋារកិច្ចឱ្យកាន់តែរីកចម្រើនព្រមទាំងការពិនិត្យលទ្ធភាពជម្រុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុង Vienna មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។
សូមបញ្ជាក់ថា កម្ពុជា និងអូទ្រីស មានទំនាក់ទំនងការទូតដ៏ល្អតាំងពីឆ្នាំ១៩៥៦ ហើយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេលប្រមាណ៧០ឆ្នាំមកហើយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យវិនិយោគ ទេសចរណ៍ផងដែរ។ ក្នុងដើមឆ្នាំ២០២៦ នេះ មានភ្ញៀវទេសចរអូទ្រីសច្រើនជាង២.០០០នាក់ បានធ្វើដំណើរទេសចរណ៍មកលេងគ្រប់គោលដៅទេសចរណ៍កម្ពុជាទាំងអស់ប្រកបដោយសុខសុវត្តិភាព និងសោមន្សរីករាយ។

You might also like