ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅស្ដ្រីម្នាក់ដែលក្លែងឯកសារ និងបន្លំស្នាមមេដៃអ្នកដទៃរឿងខ្ចីលុយ និងដាក់បញ្ចាំទ្រព្យសម្បត្តិ មកសួរនាំ ដើម្បីចាត់ការតាមច្បាប់

(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅស្ដ្រីម្នាក់ដែលក្លែងឯកសារ និងបន្លំស្នាមមេដៃអ្នកដទៃ ដោយចោទប្រកាន់ថា ពាក់ព័ន្ធក្នុងរឿងរ៉ាវខ្ចីលុយខ្លួន ហើយដាក់បញ្ចាំទ្រព្យសម្បត្តិ និងប្ដឹងទៅតុលាការដើម្បីរឹបអូសទ្រព្យសម្បត្តិនោះ។
ស្ដ្រីដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ សួន សុភ័ក្រ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍័សែនជ័យ រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា ខ្លួនត្រូវបានឈ្មោះ សួន សុភ័ក្រ និងបក្ខពួក ប្តឹងទាមទារប្រាក់ដោយចោទថា ខ្លួន និងកូនស្រី ជំពាក់ប្រាក់ដោយមានកិច្ចសន្យាបញ្ចាំ មានមូលប្បទានប័ត្រ និងវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុដើម្បីធានាបំណុល។
ពួកគេព្រួតប្តឹងខ្លួនថា រួមគ្នាជាមួយកូនស្រីមិនសងបំណុលពួកគេ ហើយពួកគេថែមទាំង ប្តឹងឃាត់ទ្រព្យសម្បត្តិរបស់ខ្លួន ទាំងដែលខ្លួនមិនដឹងអ្វីសោះដែលការពិតវាជារឿង របស់គេនិងកូនស្រីខ្លួនតែប៉ុណ្ណោះ។
ចំណែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិផ្សេងៗ ដែលបន្សល់ទុកពីស្វាមីដែលបានធ្វើមរណៈកាលកន្លងទៅ ត្រូវបានកូនស្រីចាញ់ការឃោសនារបស់ពួកគេ បានយកទៅបញ្ចាំជាមួយក្រុមនេះ ទាំងគ្មានស្នាមដៃរបស់ខ្លួនថែមទៀត។
ចំពោះករណីដែលកូនស្រី ខ្ចីប្រាក់ពួកគេ គឺពួកគេបានរឹបអូសយកអចលនទ្រព្យផ្តាច់មុខរបស់គ្នាអស់ទៅហើយ តែមិនអស់ចិត្តពួកគេមកឃាត់ទ្រព្យសម្បត្តិ និងទាញខ្លួនឲ្យចូលជាសហបំណុល ព្រមទាំងប្ដឹងរឿងផ្សេងៗទៀត។
យោងតាមកំណត់មួយបក្ខពួកដែលនៅពីក្រោយខ្នងរបស់ស្រ្តីឈ្មោះ សួន សុភ័ក្រ បានបង្ខំឲ្យជនរងគ្រោះចេញសែកទៅឈ្មោះ សួន សូនីតា ចំនួន៣សន្លឹក, ទៅឈ្មោះ តាំង យុកសឹម ចំនួន៤សន្លឹក និងឈ្មោះរបស់ខ្លួន (សួន សុភ័ក្រ) ចំនួន៥សន្លឹក សរុបជាទឹកប្រាក់រហូតដល់លានដុល្លារ ក្នុងគោលបំណងទុកជាភស្តុតាងចាត់វិធានការតាមច្បាប់។

You might also like