ឃាត់ជនសង្ស័យចំនួន ៨នាក់ និងថ្នាំញៀន ៨កញ្ចប់ធំ នៅស្រុកពាមរក៍

ខេត្តព្រៃវែង÷ មន្ត្រីកងរាជរដ្ឋខេត្តព្រៃវែងបានឲ្យដឹងនៅថ្ងៃទី២១ខែមីនា នេះថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តព្រៃវែង និងក្រោមបញ្ជាផ្ទាល់លោកឧត្តម សេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រៃវែង នៅវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី ១៨ ខែមីនា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្ក្រាបបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិឧត្តម ឃុំព្រែកខ្សោយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងដក ហូតបានវត្ថុតាងថ្នាំញៀនចំនួន ៨កញ្ចប់ធំ ។
លោកប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ដោយអនុវត្តតាមជំនាញ ធ្វើឱ្យជនសង្ស័យបានបញ្ចេញវត្ថុតាងជាសារធាតុញៀន ដែលយកមកលក់ចែកចាយ ទើបកម្លាំងចូលក្រសោបចាប់ជនសង្ស័យជាបន្តបន្ទាប់ សរុបបានចំនួន ៨នាក់ និងដកហូតបានវត្ថុតាង ប្រភេទម្សៅក្រាមពណ៌សចំនួន ៨កញ្ចប់ ក្នុងនោះតូច ២កញ្ចប់ និងធំ ៦កញ្ចប់ ព្រមទាំងថ្នាំគ្រាប់ក្រហម WY ចំនួន ៧គ្រាប់ រួមទាំងឧបករណ៍សម្រាប់ជក់ថ្នាំមួយ ចំនួន ។
ដោយមានការសារភាពពីជនសង្ស័យ ដែលត្រូវបានចាប់ខ្លួន កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like