នៅតាមខ្សែទស្សនាកម្សាន្តតាមតំបន់វង់ធំនៃរមណីយដ្ឋានអង្គរ ភ្ញៀវទេសចរច្បាស់ជាមិនអាចរំលងសម្រស់ដ៏ត្រកាលនៃ ប្រាសាទនាគព័ន្ធ ឡើយ។

នៅតាមខ្សែទស្សនាកម្សាន្តតាមតំបន់វង់ធំនៃរមណីយដ្ឋានអង្គរ ភ្ញៀវទេសចរច្បាស់ជាមិនអាចរំលងសម្រស់ដ៏ត្រកាលនៃ ប្រាសាទនាគព័ន្ធ ឡើយ។ ប្រាសាទនេះស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ដែលព័ទ្ធជុំវិញដោយផ្ទៃទឹកបារាយណ៍ដ៏ធំល្វឹងល្វើយ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជំនឿសាសនាខ្មែរតាំងពីបុរាណកាល។
ជានិមិត្តរូបនៃ “អនោតស្រះ” ក្នុងជំនឿខ្មែរ បើយោងតាមការសិក្សាស្រាវជ្រាវរបស់ លោកសាស្ត្រាចារ្យ អាំង ជូលាន ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងក្នុងទម្រង់ជាកោះដ៏ឧត្តម តំណាងឱ្យ “អនោតស្រះ” (ភាសាសំស្ក្រឹត៖ អនវតប្ត) ដែលមានន័យថា ស្រះទឹកដ៏ត្រជាក់ត្រជុំនៃឋានសួគ៌។ ប្រាសាទនេះមានរចនាសម្ព័ន្ធប្លែកពីគេ ដោយមានស្រះធំមួយនៅចំកណ្តាល និងស្រះតូចៗចំនួនបួននៅតាមទិសទាំងបួន៖
ទិសខាងកើត៖ ចម្លាក់ក្បាលមនុស្ស តំណាងឱ្យទន្លេគង្គា។
ទិសខាងត្បូង៖ ចម្លាក់ក្បាលសិង្ហ។
ទិសខាងលិច៖ ចម្លាក់ក្បាលសេះ។
ទិសខាងជើង៖ ចម្លាក់ក្បាលដំរី។
នៅចន្លោះស្រះធំនិងស្រះតូចៗ មានទបង្ហូរទឹកដែលសាសនិកជនប្រើប្រាស់ក្នុងកិច្ចពិធីបួងសួង (ដូចជាពិធីសុំទឹកភ្លៀង) ដោយដងទឹកពីស្រះធំមកចាក់បង្ហូរតាមទខាងក្នុង បញ្ចេញតាមមាត់មនុស្សនិងសត្វទាំងនោះ។ ចំណែកឯរូបនាគពីរដែលព័ន្ធជុំវិញខឿនប្រាសាទកណ្តាល គឺជានិមិត្តរូបនៃនាគ “អនវតប្ត” ដែលរស់នៅថែរក្សាស្រះសួគ៌ានេះឯង។
អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគ្រប់គ្រងប្រព័ន្ធទឹកបុរាណ ដែលបានឈប់ដំណើរការរីងស្ងួតអស់ជាង៥០០ឆ្នាំកន្លងមកហើយ ដោយបានធ្វើការជួសជុល ស្តារ និងចាប់ផ្តើមបំពេញទឹកក្នុងបារាយណ៍ខាងជើងនេះឡើងវិញនៅឆ្នាំ២០០៨ ហើយមុខងារស្វ័យប្រវត្តិនៃប្រព័ន្ធទឹកបុរាណនេះក៍បានធ្វើអោយស្រះទឹកទាំង៥របស់ប្រាសាទនាគព័ន្ធ និងកសិន្ធុប្រាសាទព្រះខ័ន មានទឹកឡើងវិញផងដែរ។ ការរក្សាទឹកឱ្យមានស្ថេរភាពក្នុងប្រព័ន្ធបុរាណនេះមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពបរិស្ថានជុំវិញឱ្យមានភាពខៀវស្រងាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងផ្នែកបច្ចេកទេស គឺផ្ដល់សំណើមដល់ស្រទាប់ដីគ្រឹះ ការពារការស្រុត ដើម្បីរក្សាលំនឹងគ្រឹះប្រាសាទឱ្យរឹងមាំយូរអង្វែង ហើយប្រសិនបើស្រទាប់ដីខ្សាច់ គ្រឹះស្ងួតខ្លាំង អាចងាយបណ្តាលឱ្យប្រាសាទទ្រេត ឬដួលរលំ។
ប្រាសាទនាគព័ន្ធមិនត្រឹមតែជាកេរដំណែលស្ថាបត្យកម្មដ៏ល្អឯកប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃចំណេះដឹងផ្នែកជលសាស្ត្រ និងការត្បាញបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាង “ជំនឿ” និង “ធម្មជាតិ” របស់បុព្វបុរសខ្មែរ។

You might also like