ក្រសួងការពារជាតិ ច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់ថៃ មកលើកងកម្លាំងកម្ពុជា ថា “បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួននៅតែបន្តចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា “បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ”។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សូមច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់នេះ ដែលគ្មានមូលដ្ឋានភស្តុតាងណាមួយឡើយ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និងបង្កហានិភ័យដល់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែន និងស្នើឱ្យសារព័ត៌មានថៃកែតម្រូវជាបន្ទាន់។
ចំពោះមុខនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ JIC Thai ។ ជាមួយគ្នានេះ យោងតាមព័ត៌មានពីជួរមុខ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន ៣គ្រាប់ ដោយមិនបានជូនព័ត៌មានមកភាគីកម្ពុជាជាមុនឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមទំនាក់ទំនង RBC នៃយោធភូមិភាគ៤ បានទាក់ទងទៅភាគីថៃ និងធ្វើការតវ៉ាអំពីការផ្ទុះគ្រាប់មិនបានជូនដំណឹងមុននេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ពេញលេញ និងដោយស្មោះត្រង់ សុចរិត នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦






