តុលាការខេត្តកំពត កាត់ទោសជនជាតិចិន ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ករណីសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់ ឈ្មោះ PARK MINHO
(កំពត)៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពតបានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនជាប់ចោទជាជនជាតិចិនចំនួន៦នាក់ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង» ក្នុងបរិវេណអគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ៦០០-I ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
បន្ទាប់ពីបានធ្វើការពិភាក្សាដេញដោល ពិនិត្យភស្តុតាង និងអង្គហេតុយ៉ាងលម្អិត រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ តុលាការបានសម្រេចប្រកាសសាលក្រមព្រហ្មទណ្ឌលេខ២៨១ (គ) ផ្តន្ទាទោសជនជាប់ចោទបុរសជនជាតិចិនទាំង ៦រូបរួមមាន៖ ១ ឈ្មោះ LI XING PENG ហៅ YOU FU ២. ឈ្មោះ LIU HAOXING ហៅ TA THOV ៣. ឈ្មោះ ZHU RENZHE ហៅ ផាក ៤. ឈ្មោះ YIN SONG WAN ៥. ឈ្មោះ JIN TIAN LONG ហៅ KIM CHEOL LYEONG និង៦. ឈ្មោះ LI GUANG HAO ហៅ XIAO PIAO។
តុលាការបានកំណត់ទោសលើជនជាប់ចោទម្នាក់ៗដាក់ពន្ធនាគារអស់មួយជីវិតពីបទ៖ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំងដែលជាករណីឃាតកម្មលើជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង ឈ្មោះ PARK MINHO) យោងតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)សូមជម្រាបជូនថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេលប្រមាណ ១១ខែចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកកវិទ្យាជាង ៤០០ករណី ក្នុងនោះសមត្ថកិច្ចបានអនុវត្តច្បាប់ ដោយបានដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូចំនួន ២៥ ទីតាំងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីបញ្ឈប់មិនឱ្យមានសកម្មភាពអាជីវកម្មទៀតឡើយ។
ជាមួយគ្នានេះ ក្នុងរយៈពេលដដែល សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ចូនទៅតុលាការ ទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ១៤៣សំណុំរឿង/ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១ ៤៥៨នាក់ ក្នុងនោះមាន ស្ត្រីចំនួន ២០១នាក់ មាន ១៩សញ្ជាតិ គឺជនជាតិចិន ម៉ាឡេស៊ី ជប៉ុន បង់ក្លាដេស កូរ៉េខាងត្បូង វៀតណាម ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ ឥណ្ឌា ប៉ាគីស្ថាន សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ុងហ្គោលលី កៀហ្សីស៊ីស្ថាន ស្រីលង្កា ឡាវ និងខ្មែរដែរ។
ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេសគិតចាប់ពីខែមករាឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកអនឡាញ ចំនួន ១៨ ៨៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន ២ ២៦៣នាក់ មាន ៣៣សញ្ជាតិ។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ននេះបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ៕






