អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ភ្នែកនៅតំបន់ព្រំដែនច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
បន្ទាប់ពីមកដល់ប្រទេសកម្ពុជាភ្លាមៗ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី ដែលបានអមដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានអញ្ជើញទៅកាន់តំបន់ព្រំដែននៅច្រកបឹងត្រកួន នៅខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យដោយផ្ទាល់ភ្នែកអំពីសភាពការណ៍ជាក់ស្តែង ដែលភាគីថៃបានរំលោភបំពានដោយខុសច្បាប់មកលើបូរណភាពទឹកដីកម្ពុជានោះ។
សូមបញ្ជាក់ថាតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។






