កូរ៉េខាងត្បូងដកបម្រាមធ្វើដំណើរទៅកាន់តំបន់មួយចំនួននៅកម្ពុជា ក្រោយស្ថានភាពសន្តិសុខមានភាពប្រសើរឡើង
សាធារណរដ្ឋកូរ៉េ បានដកបម្រាមធ្វើដំណើរទៅកាន់តំបន់មួយចំនួននៅកម្ពុជា ដោយសារស្ថានភាពសន្តិសុខមានភាពប្រសើរឡើង នេះបើយោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្ថយកម្រិតការព្រមានការធ្វើដំណើរសម្រាប់តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងក្រុងបាវិត និងប៉ោយប៉ែត ពីកម្រិតទី៤ ដែលជាកម្រិតព្រមានខ្ពស់បំផុត មកកម្រិតទី៣ ដែលណែនាំឱ្យពលរដ្ឋកូរ៉េខាងត្បូងចាកចេញពីតំបន់ទាំងនោះ។
បម្រាមធ្វើដំណើរនេះ បានចូលជាធរមានតាំងពីខែតុលា ឆ្នាំ២០២៥។ ក្រសួងបានបញ្ជាក់ថា ការសម្រេចបន្ធូរបន្ថយការរឹតបន្តឹងនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពសន្តិសុខមានភាពប្រសើរឡើងយ៉ាងខ្លាំង ដោយករណីបទល្មើសពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េខាងត្បូងនៅកម្ពុជា បានថយចុះ ៩៤ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមច្បាប់ស្តីពីលិខិតឆ្លងដែនរបស់កូរ៉េខាងត្បូង ពលរដ្ឋដែលធ្វើដំណើរចូល ឬស្នាក់នៅក្នុងតំបន់ដែលស្ថិតក្រោមបម្រាមធ្វើដំណើរ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល អាចប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌ និងវិធានការរដ្ឋបាល៕ដោយ នីកា






