World Cup 2026៖ អេស្ប៉ាញ ឡើងវគ្គផ្តាច់ព្រ័ត្រលើកទី២ ក្រោយបំបាក់ក្រុមរងជើងឯក បារាំង ២-០
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពាន FIFA World Cup 2026 ក្រោយយកឈ្នះបារាំង ២-០ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនាយប់មិញនេះនៅសហរដ្ឋអាមេរិក។
ក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ បានរង់ចាំអស់រយៈពេល ១៦ឆ្នាំ ក្នុងការឆ្លងទៅផ្តាច់ព្រ័ត្រម្តងទៀត បន្ទាប់ពីធ្វើបានសម្រេច ១លើកកាលឆ្នាំ២០១០ នៅប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីឈ្នះពានពិភពលោកជាប្រវត្តិសាស្រ្តរបស់ពួកគេផងដែរ។
ក្នុងការប្រកួតរយៈពេល ៩០នាទីនៅឯកីឡដ្ឋាន AT&T Stadium ស្ថិតក្នុងទីក្រុង Texas នៃវគ្គ ៤ក្រុមនោះ កីឡាករ Mikel Oyarzabal រកបាន ១គ្រាប់ដោយបាល់ពិន័យប៉េណាល់ទីនៅនាទី២២ នៃវគ្គទី១ មុនពេល Dani Olmo បញ្ជូនបាល់ឱ្យ Porro សម្រេចទីគ្រាប់ទី២ ថែមទៀតនៅនាទី៥៨ រហូតដល់ចប់ម៉ោងតែម្តង បើទោះបីជាបារាំង ក្នុងនាមជាជើងឯករងកាល ៤ឆ្នាំមុន ខិតខំវាយបកយ៉ាងណាក៏ដោយ។
នេះមានន័យថា អេស្ប៉ាញ ត្រូវរង់ចាំរវាងក្រុមឈ្នះតោកំណាចអង់គ្លេស ឬក៏ម្ចាស់ការពារតំណែងជើងឯក ពពកសអាហ្សង់ទីន មកពីតំបន់អាមេរិកឡាទីន ដែលត្រូវលេងបិទបញ្ចប់វគ្គ ៤ក្រុមនាម៉ោង ២រំលងអាធ្រាត្រនេះដែរ នៅពេលមាន់គកបារាំង ត្រូវរង់ចាំជួបក្រុមចាញ់ដូចគ្នា ដើម្បីប្រកួតយកចំណាត់ថ្នាក់លេខ៣ នាថ្ងៃទី១៩ ខែកក្កដា ដ្បិតផ្តាច់ព្រ័ត្រ លេងម៉ោង ២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃទី២០ នៃខែដដែល៕






