ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រ​ជូន​និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ South-East Asia

(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត​សាកល​​វិទ្យា​ល័យសៅស៍អ៊ីសថ៍អេយសៀ South-East Asia ក្រោយបញ្ចប់ការសិក្សា​ដោយ​ជោគ​ជ័យ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីសោមនស្ស ដែល​បានចូលរួមក្នុងពិធីប្រគល់ជូននិស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ១៥០០នាក់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចែកសញ្ញាបត្រនាព្រឹកថ្ងៃនេះ គឺជាសមិទ្ធផលរួមដ៏ធំមួយ កើតចេញពីឪពុកម្តាយ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យសាលា និងនិស្សិតផ្ទាល់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និស្សិតទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ ក៏ជាសមិទ្ធផលដ៏ធំរបស់ជាតិកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាកលវិទ្យាល័យដែលមានចក្ខុវិស័យវែងឆ្ងាយ បេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលជាត្រីវិស័យ និង បង្គោលចរ សម្រាប់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សានេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការអប់រំបណ្តុះបណ្តាលយុវជនកម្ពុជា ឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនដ៏មានសក្ដានុពលរបស់ប្រទេសជាតិ ចាប់តាំងពីឆ្នាំ ២០០៦ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យ​ដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្ស​នៅកម្ពុជា ជាពិសេសនៅមូលដ្ឋានខេត្តសៀមរាប លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ធុរកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា ច្បាប់ កសិកម្ម​ និង អភិវឌ្ឍជនបទ ស្របតាមយុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានចំនួនសរុបជាង៣០០កន្លែងមកហើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវគោលនយោបាយ, ផែនការ និង កម្មវិធី កែទម្រង់នានា ដើម្បីបង្កើនការចូលរៀន និង លើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេស ការកែទម្រង់ឧត្តមសិក្សា។ ជាលទ្ធផល គ្រឹះស្ថានអប់រំបណ្ដុះ​បណ្ដាល​ធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់​យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាលក៏មានការរីក​ចម្រើន​គួរឱ្យកត់សម្គាល់, ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវចំនួនសិស្ស​និស្សិត​កម្ពុជា ចូលរួម និង ទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែង​សមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និង អន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែង​តែចាត់​ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គម​សេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារ ឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជា សុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែ​ប្រ​សើរ និងទាន់ពេលទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ ទីផ្សារការងារ និង កិច្ចការពារមាតុភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាល​ទី​៧ នៃរដ្ឋសភា នឹងពន្លឿនការកែទម្រង់វិស័យអប់រំ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការ​សិក្សាដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវីធីកែទម្រង់​ស៊ី​ជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភ​ប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ។ ធនធានមនុស្សដែលមានសមត្ថភាព និងសុខភាពល្អ គឺជាជួយឱ្យកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសដទៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលជាសមាជិក​ស្ថាប​និក​​នៃអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត ដោយសារតែអង្គការនេះ មិន​មែនជាវេទិកាពាក់ព័ន្ធសន្តិសុខ ហើយត្រូវឈ្លោះជាមួយប្រទេស​ណាមួយ​នោះទេ។ ប៉ុន្តែការចូលជាសមាជិកស្ថាបនិកនៃអង្គការនេះ បង្កលក្ខណៈទាញ​ផល​ប្រយោជន៍ពី AI។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនដែលសម្តេចបាន​ជួបនៅចិននាពេលកន្លងទៅនេះភាគច្រើន គឺចាប់អារម្មណ៍វិនិយោគគ្រឿងបង្គំ​អគ្គិ​សនី ការអប់រំបណ្តុះបណ្តាល​បច្ចេក​វិទ្យា AI និងកសិ-ឧស្សាហកម្ម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណាប់អារម្មណ៍វិនិយោគទាំងនេះ បង្ហាញពីតម្រូវការលើធនធានមនុស្សផ្នែកបច្ចេកវិទ្យា ដែលតម្រូវឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា កញ្ចប់ថវិកាជាតិលើវិស័យអប់រំ និងសុខាភិបាល មិនត្រូវបានកាត់បន្ថយនោះឡើយ បើទោះបីបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល គឺនៅតែជាកិច្ចការចាំបាច់ និងអាទិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់វិស័យឯកជនទាំងអស់ ដែលចូលរួមវិនិយោគលើវិស័យអប់រំ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់វិស័យឯកជន ចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីស្វាគមន៍វិស័យឯកជនចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តែត្រូវធានារក្សាឱ្យបាននូវគុណភាព មិនមែនឱ្យឃើញតែបរិមាណនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជោគជ័យធំ កើតពីជោគជ័យតូចៗ។ ការងារធំៗទាំងឡាយ មិនអាចបោះបង់ការងារល្អិតៗនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យ ត្រូវប្រើ​ពេល​យូរអង្វែង និងអំណត់អត់ធ្មត់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំចាំធ្វើធំ ចាំបញ្ចេញស្នាដៃ។ នេះជាកំហុសធំណាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា មនុស្ស៣នាក់ ដែលសម្តេចបានប្រើម្នាក់បញ្ចប់បណ្ឌិតពីបារាំង ម្នាក់ពីអាមេរិក និងម្នាក់ពីសាលាជាតិគ្រប់គ្រងរបស់ខ្មែរ។ តាមលទ្ធផលការងារ សម្តេចជ្រើសរើសយកបណ្ឌិតបញ្ចប់ការសិក្សាពីសាលាជាតិគ្រប់គ្រង។

* សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត បានថ្លែងថា ចង់ទទួលបានការទុកចិត្ត ត្រូវបង្កើតលទ្ធផលឱ្យបានច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលសម្តេចរៀននៅក្រៅប្រទេស សម្តេចមិនដែលប្រាប់គេថាសម្តេចមានឪពុកជានាយករដ្ឋមន្ត្រីនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេច បានជួបជាមួយលោកបណ្ឌិត ញ៉ិល រដ្ឋា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គមរឿងលោកបណ្ឌិត និងអ្នកចែវទូក។

 

You might also like