ជនស្ស័យ១០នាក់ លួចកាត់ខ្សែភ្លើងទាំងថ្ងៃ ត្រូវបានអាវុធហត្ថចាប់បាន៦នាក់ រត់គេច៤នាក់

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន១០នាក់ បាននាំគ្នាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមបង្គោលភ្លើងបំភ្លឺផ្លូវ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្ក្រាប និងចាប់ខ្លួនបាន៦នាក់ ខណៈ៤នាក់ទៀតរត់គេចខ្លួន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានជនសង្ស័យមួយក្រុមកំពុងលួចកាត់ខ្សែភ្លើងនៅក្បែរសណ្ឋាគារ៥២០ ហើយយកទៅដុតក្នុងព្រៃ ដើម្បីយកលួសលក់អេតចាយ កម្លាំងអាវុធហត្ថបានចុះទៅដល់ទីតាំង និងធ្វើការបង្ក្រាបភ្លាមៗ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបាន៦នាក់ និងដកហូតវត្ថុតាងមួយចំនួន ដូចជា កាំបិត និងដាវ ខណៈដែលជនសង្ស័យទាំងនោះសុទ្ធតែជាក្រុមប្រើប្រាស់គ្រឿងញៀន។ ចំណែកបក្ខពួក៤នាក់ទៀត បានរត់គេចខ្លួន។
ជនសង្ស័យទាំង៦នាក់ ត្រូវបាននាំយកទៅសាកសួរ នៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

You might also like