សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្មសិទ្ធិស្របច្បាប់លើដីធ្លី គឺជាមូលដ្ឋាននៃជីវិត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្មសិទ្ធិស្របច្បាប់លើដីធ្លី គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣០៦៧បណ្ណសម្រាប់ឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឫស្សី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្តាល ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកណ្តាល គឺបានចាប់ផ្តើមតាំងពីជាង ២០ឆ្នាំមុន គឺឆ្នាំ២០០២ និងបានបន្តអនុវត្តយ៉ាងសកម្មរហូតដល់ការបញ្ចប់ការវាស់វែង និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជាស្ថាពរនាឱកាសនេះ។ ក្នុងន័យនេះ សម្តេចសូមវាយតម្លៃខ្ពស់ចំពោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តកណ្តាល ជាពិសេសក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល មន្ត្រីបច្ចេកទេស ក្រុមវាល និងមន្ត្រីស្ម័គ្រចិត្ត ដែលបានខិតខំរួមគ្នាជំរុញការវាស់វែង និងចុះបញ្ជីដីធ្លីក្នុងខេត្តកណ្តាលឱ្យចប់ជាស្ថាពរ ដោយបានសង្កត់ធ្ងន់ថា ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្តាលនាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ក៏ដូចជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី ការស្នើសុំឥណទានផ្លូវការ ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញវិនិយោគ ព្រមទាំងការលើកកម្ពស់សន្ធិភាពសង្គម តាមរយៈការធានាសិទ្ធិលើកម្មសិទ្ធិស្របច្បាប់ ការរស់នៅដោយសុខដុម និងការបន្តមរតក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរបបបល័យពូជសាសន៍ប៉ុលពត កម្មសិទ្ធិឯកជនគ្រប់ប្រភេទត្រូវបានលុបបំបាត់ចោលទាំងស្រុង ប្រជាពលរដ្ឋត្រូវបានជម្លៀសចេញពីលំនៅឋាន និងរងការកាប់សម្លាប់យ៉ាងរង្គាល យ៉ាងព្រៃផ្សៃ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងបានពុះពារកសាងប្រទេសជាតិឡើងវិញពីបាតដៃទទេនៅលើគំនរផេះផង់ ឆ្អឹង និងទឹកភ្នែក ដោយដៃម្ខាងកាន់អាវុធដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម និងការពារអាយុជីវិតប្រជាពលរដ្ឋ ហើយដៃម្ខាងទៀតខិតខំកសាងស្ថាប័នរដ្ឋ និងស្តារខឿនសេដ្ឋកិច្ចជាតិឡើងវិញ ដោយពឹងផ្អែកលើធនធានមនុស្សដ៏ខ្សត់ខ្សោយបំផុតដែលនៅសេសសល់ពីការកាប់សម្លាប់។ នៅក្នុងវិស័យដីធ្លី រដ្ឋបាលគិតគូរផ្តល់សិទ្ធិប្រើប្រាស់ជូនប្រជាពលរដ្ឋមានលក្ខណៈសមធម៌ តាមរយៈការបង្កើតក្រុមសាមគ្គីបង្កបង្កើនផល ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ដី ស្របតាមកាលៈទេសៈជាក់ស្តែងនៃសង្គមកម្ពុជា ដែលមានសន្តិភាពផង និងសង្គ្រាមផង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចបង្កបង្កើនផល ស្តារជីវភាពគ្រួសារឡើងវិញ និងឈានទៅរកការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ។ រហូតដល់ឆ្នាំ១៩៨៩ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមធ្វើការកែទម្រង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចជាតិ ប្រកបដោយហានិភ័យ ដោយផ្តល់កម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋទូទាំងប្រទេសឡើងវិញ ដែលការសម្រេចចិត្តដ៏មុតមាំនេះ ប្រៀបបាននឹងចែកកេរពីឪពុកម្តាយទៅកូន ដែលសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ជ្រាលជ្រៅបំផុត សំដៅជួយរំដោះប្រជាពលរដ្ឋឱ្យងើបផុតពីភាពក្រីក្រ និងជាគ្រឹះយ៉ាងរឹងមាំក្នុងការស្តារសេដ្ឋកិច្ច- សង្គមកម្ពុជាទាំងមូល។
រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាន និងកំពុងខិតខំបន្តឆន្ទៈ និងមនសិការឧត្តមនិយម ផលប្រយោជន៍ជាតិ និងប្រជាជនមកដល់បច្ចុប្បន្ន។ ឆ្លុះបញ្ចាំងមួយផ្នែកតាមរយៈការប្រឹងប្រែងកែទម្រង់វិស័យដីធ្លីជាប់ជាប្រចាំ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តលើការកាន់កាប់អចលនទ្រព្យរបស់ខ្លួន សំដៅរួមគ្នាកសាងប្រទេសឱ្យក្លាយទៅជាប្រទេសមានអរិយធម៌ ជាសង្គមស៊ីវិល័យ និងជាភូមិឋានក្សេមក្សាន្ត ដោយរាជរដ្ឋាភិបាលតែងតែចាត់ទុកការវាស់វែង ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ជូនប្រជាពលរដ្ឋ ស្របតាមទស្សនទាននៃការ «ចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត បរិយាកាសមិនមានវិវាទនៅកម្ពុជា» ដែលទស្សនទាននេះគឺមានអត្ថន័យទូលំទូលាយ និងឆ្លុះបញ្ចាំងពីការពិត ប៉ុន្តែទស្សនទានដែលមានត្រឹមតែនៅលើក្រដាសមិនដំណើរការទេ។ អ្វីដែលសំខាន់គឺរាជរដ្ឋាភិបាលត្រូវធ្វើឱ្យក្លាយជាការពិត ហើយបានធ្វើជាង ២០ឆ្នាំមកហើយ៕ដោយ៖ ចាន់ សុភឿន









