ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល

(កណ្តាល)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចល​នវត្ថុចំនួន ២៣ ០៧៦បណ្ណជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរ​កា​ជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង «ពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូ​នប្រជាពលរដ្ឋ​ក្នុងខេត្តកណ្តាល»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺជាកម្មវិធីដ៏សំខាន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីវាស់វែងដីធ្លីក្នុងខេត្តកណ្តាល ដែលបានប្រឹងប្រែងវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល រយៈពេលប្រមាណ ២០ឆ្នាំមកនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មសិទ្ធិឯកជន ត្រូវបានលុបបំបាត់ទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈាម និងទឹកភ្នែក។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ បានប្រឹងប្រែងកសាងប្រទេស និងដាក់ចេញកម្មវិធីកំណែទម្រង់ដីធ្លី ផ្តល់ដីធ្លីជូនប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចែកបណ្ណកម្មសិទ្ធិដីធ្លីនាព្រឹកថ្ងៃនេះ ឆ្លុះបញ្ចាំងពីការវិវឌ្ឍជាក់ស្តែងនូវការអនុវត្ត កម្មវិធីជាក់ស្តែងរបស់រាជរដ្ឋាភិបាលលើគោលនយោបាយដីធ្លីជូនប្រជាពលរដ្ឋ ជាពិសេសការដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋលើការកាន់កាប់មិនច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងអាណត្តិទី៧ សម្តេចបាន​ប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបញ្ចប់ការងារវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលគិតមកដល់បច្ចុប្បន្ននេះ ការវាស់វែងដីសរុបបាន​ចំនួន ១៣ ៩៥៦ ៤៧៩ ក្បាល​ដី ស្មើនឹង ១០៣ភាគរយ នៃក្បាលដីប៉ាន់ស្មាន, ​ចេញបណ្ណបន្ថែម ២លាន ៦សែនបណ្ណ សរុប​ចំនួន ៩ ៦៤១ ៨៥៧បណ្ណ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨ ៧៦៥ ៤១៩បណ្ណ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយបញ្ហាជាប់គាំងនៃការចេញបណ្ណសម្គាល់អនចលនទ្រព្យ

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវាស់វែង ការចុះបញ្ជី និងការចែកបណ្ណ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនកងទ័ពដែលបំពេញការងារនៅជួរមុខ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេច គឺសរសេរពីការធ្វើកំណែទម្រង់ដីធ្លីនៅកម្ពុជា។ សម្តេចមហាបវរធិបតី បានថ្លែងថា ការធ្វើកំណែទម្រង់ដីធ្លីនៅកម្ពុជា មិនអាចផ្អែកតែលើទីផ្សារទាំងស្រុងនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សៀវភៅដែលមានចំណងជើងថា «អាថ៌កំបាំងនៃមូលធន» ជាសៀវភៅមួយក្បាលទាញចំណាប់អារម្មណ៍ ព្រោះសៀវភៅនេះបានសរសេរពីការកំណត់កម្មសិទ្ធិអចលនទ្រព្យរបស់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ជួយឱ្យការគ្រប់គ្រងដីធ្លីមានភាពច្បាស់លាស់ ជួយប្រជាពលរដ្ឋ និងសង្គម ដោយកាត់បន្ថយ និងឈានទៅលុបបំបាត់ការខាតបង់ថវិកាដោយសារភាពមិនច្បាស់លាស់ ប្រគល់សិទ្ធិឱ្យប្រជាពលរដ្ឋធ្វើជាមូលដ្ឋានអភិវឌ្ឍន៍ខ្លួន ជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ត​ជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៦ ហើយរដ្ឋបាលខេត្តដែលនៅសល់ ត្រូវចូលរួម​អនុវត្ត​កិច្ចការនេះ​ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្នើសុំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្ត ចុះចែកបណ្ណកម្មសិទ្ធិឱ្យដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលខ្លួន​ទទួលខុសត្រូវ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់ សម្រាប់រយៈពេលវែង ដែលត្រូវរក្សាឱ្យមានតុល្យភាពសម្រាប់ការរស់នៅ ការប្រកបការងារ និងការកម្សាន្ត តាមរយៈ​ការរៀបចំបំពេញឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​ សំណង់ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាជិតស្និទ្ធជំរុញការអនុវត្ត «ទស្សនាទាននៃការរៀបចំ ភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និង ទ្រនំសុភមង្គល» ដោយ​ត្រូវឈរលើយុទ្ធសាស្រ្ត និង ផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅការកសាងសង្គមកម្ពុជាមួយដែលមានទាំងសុខដុម និង សិនិទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយនៅតែមិនយកពន្ធលើដីស្រែចម្ការរបស់កសិករ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការគ្នាជិតស្និទ្ធ ជំរុញការសិក្សារៀបចំផែនការ​ប្រើប្រាស់ដី និង ការបង្កើតរបៀងសេដ្ឋកិច្ច ស្របតាមសក្តានុពលពីធម្មជាតិ​នៃធនធានដីនៅតាមភូមិសាស្រ្ត​ដែល​អាចបង្កើត និង បង្កើនតម្លៃសេដ្ឋកិច្ច។ ជាក់ស្តែង សម្រាប់ខេត្តកណ្តាល ដែលមានភូមិសាស្ត្រជាតំបន់​វាលទំនាបទន្លេមេគង្គ, ព័ទ្ធជុំវិញរាជធានីភ្នំពេញ, និងជាខេត្ត​មានផ្លូវជាតិសំខាន់ៗ​តភ្ជាប់ទៅ​កាន់ខេត្តដទៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រ និង វាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ក្នុងការប្រែក្លាយខេត្តកណ្តាល ឱ្យទៅជា «ខ្សែក្រវាត់គាំទ្រ សន្តិសុខ, សុវត្ថិភាព, ឧស្សាហកម្ម, ភស្តុភារកម្ម, ស្បៀង, និង លំនៅឋាន» ដ៏រឹងមាំមួយរបស់រាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន, ទាំងថ្នាក់កណ្តាល និង ថ្នាក់ក្រោមជាតិបន្ថែមទៀត ដោយផ្តោតលើ (១). ការកែលម្អបរិយាកាសការងារ និង កន្លែងធ្វើការ ឱ្យស័ក្តិសមជាមជ្ឈមណ្ឌលផ្តល់សេវាកម្មរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, (២). ការកសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាព និង ក្រមសីលធម៌វិជ្ជាជីវៈ របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ឱ្យស័ក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ, (៣). ពង្រឹងភាពស្អាតស្អំ ជាពិសេស ត្រូវពង្រឹងយន្តការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្ម និង ការប្រើប្រាស់តួនាទីខុសច្បាប់ ព្រមទាំងចាត់វិធានការតឹងរឹង ប្រសិន មានករណីនេះកើតឡើង, (៤). ពង្រឹងយន្តការតាមដានការអនុវត្ត ច្បាប់ គោលនយោបាយ និង បទបញ្ជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីវាយតម្លៃការអនុវត្តគោលនយោបាយ ធៀបនឹងការអនុវត្តជាក់ស្តែង, ធានាបាននូវការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព និង វិជ្ជាជីវៈ និង (៥). បន្តជំរុញការធ្វើឌីជីថលូបនីយកម្ម, ទាំងក្នុងក្របខ័ណ្ឌការងារ និង ការផ្តល់សេវាសាធារណៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានលើបណ្តាញសង្គមរឿងបង្រួមក្រសួង ស្ថាប័នរបស់រដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលរក្សាគោលនយោបាយដើមដដែល មិនមានការច្របាច់បញ្ចូលគ្នានៃក្រសួង ស្ថាប័នរបស់រដ្ឋនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិក្រមកំណែទម្រង់អភិបាលកិច្ច «ពង្រឹង អត់ពង្រីក» ទេ។

 

You might also like