ខ្នងផ្សារ ក្លាយជាគោលដៅទេសចរណ៍លំហែបៃតង ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិកាន់តែច្រើន

(កំពង់ស្ពឺ)៖ តំបន់ខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ កំពុងក្លាយជាគោលដៅទេសចរណ៍លំហែបៃតងដ៏មានសក្តានុពល ដោយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន បន្ទាប់ពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍។
លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានលើកឡើងថា តំបន់ខ្នងផ្សារ ពីមុនជាសហគមន៍ការពារធនធានធម្មជាតិ ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ១១១ គ្រួសារ។ បច្ចុប្បន្ន តំបន់នេះត្រូវបានអភិវឌ្ឍទៅជាតំបន់ទេសចរណ៍លំហែបៃតង ដែលមានការរៀបចំកន្លែងផ្តល់ព័ត៌មាន បន្ទប់ទឹក ចំណតយានយន្ត ផ្សារ និងផ្លូវធ្វើដំណើរ ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ។
លោក ច័ន្ទថេត ថានរៈ បានបញ្ជាក់ថា ក្រោយការអភិវឌ្ឍដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាពិសេសនៅរដូវប្រាំង និងរដូវវស្សា ឬដែលគេស្គាល់ថា «រដូវបៃតង» មានភ្ញៀវមកទស្សនា និងសម្រាកលំហែកាយកាន់តែច្រើន។
បើតាមប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្ដថា តំបន់ខ្នងផ្សារមិនត្រឹមតែសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និងសត្វស្លាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទេសភាពស្រស់ស្អាត ដែលទាក់ទាញអ្នកទេសចរឱ្យមកទស្សនាថ្ងៃរះ និងថ្ងៃលិច ព្រមទាំងបោះតង់ស្នាក់នៅកណ្តាលធម្មជាតិ ស្រូបយកខ្យល់អាកាសបរិសុទ្ធ។ នៅក្នុងរដូវវស្សា ភ្ញៀវទេសចរ ក៏អាចទស្សនាទឹកជ្រោះដែលមានទឹកហូរយ៉ាងស្រស់ស្អាតផងដែរ។
លោកបានបន្ថែមថា ខេត្តកំពង់ស្ពឺមានផ្ទៃដីសរុបប្រមាណ ៧០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីតំបន់ការពារធនធានធម្មជាតិមានប្រមាណ ២០ម៉ឺនហិកតា ស្មើនឹងប្រមាណ ២៨ភាគរយ នៃផ្ទៃដីសរុបរបស់ខេត្ត។ តំបន់ការពារទាំងនេះ រួមមានឧទ្យានជាតិចំនួន៣ គឺ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈគីរីរម្យ ឧទ្យានជាតិភ្នំបូកគោ និងឧទ្យានជាតិជួរភ្នំក្រវាញ ព្រមទាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
បន្ថែមពីនេះ លោក ច័ន្ទថេត ថានរៈ បានរំពឹងថា ការអភិវឌ្ឍតំបន់ខ្នងផ្សារ នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍បែបធម្មជាតិ បង្កើតចំណូលដល់សហគមន៍មូលដ្ឋាន និងជំរុញការអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕

You might also like