កម្លាំងរដ្ឋបាលព្រៃឈើ ៣ស្រុក ក្នុងខេត្តព្រះវិហារ ចុះដកហូតឈើអារជាង ២ម៉ែត្រគូប ដែលជនល្មើសលួចយកទៅទម្លាក់ចោលក្នុងផ្ទះប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ កម្លាំងរដ្ឋបាលព្រៃឈើមកពីផ្នែក និងសង្កាត់ ៣ស្រុក រួមមានផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើរវៀង, ផ្នែក-សង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ និងសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន បានសហការរួមគ្នាចុះប្រតិបត្តិការដកហូតឈើអារ ប្រភេទលេខ២(ឈើទាល) ចំនួន ១១៦ សន្លឹក ដែលស្មើនឹង ២,៣២ ម៉ែត្រត្រីគុណ ស្ថិតនៅក្នុងភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា បទល្មើសស្តុកឈើដោយគ្មានលិខិតអនុញ្ញាតនេះ ត្រូវបានរកឃើញនៅក្នុងបរិវេណផ្ទះប្រជាពលរដ្ឋឈ្មោះ ថោង ស៊ុនហេង (ភេទស្រី)។
យ៉ាងណាម៉ិញ ម្សិលមិញនេះ នៅវេលាម៉ោងប្រមាណ ៦:៣០ នាទីព្រឹក មានរថយន្តធុនធំមួយគ្រឿងម៉ាក HYUNDAI បានបើកចូលមកទម្លាក់ឈើទាំងនោះនៅក្នុងបរិវេណផ្ទះរបស់គាត់។ ទោះបីជាម្ចាស់ផ្ទះបានព្យាយាមដេញ និងហាមឃាត់មិនឱ្យទម្លាក់យ៉ាងណា ក៏ដោយ ក៏ក្រុមអ្នកបើករថយន្តនោះ នៅតែជញ្ជូនទម្លាក់រហូតអស់ពីលើរថយន្ត រួចបើកគេចខ្លួនបាត់ស្រមោល ដោយម្ចាស់ផ្ទះមិនស្គាល់អត្តសញ្ញាណ អ្នកបើកបរនោះឡើយ។
ក្រោយកើតហេតុ ដោយសារគ្មានការយល់ព្រម និងមិនចង់មានការពាក់ព័ន្ធនឹងអំពើខុសច្បាប់ ម្ចាស់ផ្ទះបានរាយការណ៍ និងសំណូមពរសុំឱ្យសមត្ថកិច្ចជំនាញ ចុះមកជួយអន្តរាគមន៍ ដឹកជញ្ជូនផល-ផលិតផលព្រៃឈើទាំងនោះ ចេញពីទីតាំងដីផ្ទះរបស់គាត់។
វត្ថុតាងឈើអារប្រភេទលេខ២ (ឈើទាល) ទាំង ១១៦ សន្លឹក ត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅ «ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន» ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ និងស្រាវជ្រាវស្វែងរកមុខសញ្ញាម្ចាស់រថយន្តល្មើសមកផ្តន្ទាទោសទៅតាមច្បាប់៕

You might also like