សមត្ថកិច្ចចាប់ខ្លួនក្រុមក្មេងទំនើង ៥នាក់ ដែលចូលអុកឡុកបង្កអំពើហិង្សាដល់ក្នុងមន្ទីរពេទ្យ នៅក្រុងសិរីសោភ័ណ្ឌ

(ភ្នំពេញ)៖ ក្មេងទំនើង៥នាក់ ត្រូវបានកម្លាំងនគរបាលសហការគ្នាចាប់ខ្លួនបានហើយ បន្ទាប់ពីពួកគាត់ចូលអុកឡុក និងបង្កអំពើហិង្សាកាលពីពេលកន្លងទៅនៅក្នុងមន្ទីរពេទ្យ ចំណុចភូមិព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ការចាប់ខ្លួននេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ជនសង្ស័យចំនួន៥នាក់ រួមមាន៖
១៖ ឈ្មោះ សម្បត្តិ ព្រហ្មមន្និ ភេទស្រី
២៖ ឈ្មោះ ធី ចាន់ថន ភេទស្រី
៣៖ ឈ្មោះ សម្បត្តិ ព្រហ្មមុន្នី ភេទស្រី
៤៖ ឈ្មោះ យីវ លីហុង ភេទប្រុស
៥៖ ឈ្មោះ អ៊ែម បញ្ញា ភេទប្រុស។ សម្ភារៈដកហូតរួមមាន៖
រថយន្តម៉ាក GTV SOBEN ពាក់ផ្លាកលេខ2CD-4972 ពណ៌ស។
សូមរំលឹកថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៧៖០០នាទី ដែលមានបង្កឡើងដោយមនុស្សមួយក្រុមមានគ្នាប្រហែល១០នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះរថយន្ត២គ្រឿង បានធ្វើសកម្មភាពព្រួតវាយទៅលើឈ្មោះ ចាន់ ស្រីណុច ហៅប៉ៃ ភេទស្រី រស់នៅភូមិចាន់គីរី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបានមកដេកកំដរប្អូននៅមន្ទីរពេទ្យខាងលើបណ្ដាលឲ្យរងរបួសស្រាល នៅមន្ទើរពេទ្យបង្អែកក្រុងសេរីសោភ័ណ្ឌ ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យ នាយដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

You might also like