រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ការរួមសហការគ្នារវាងមន្រ្តីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន បានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងអំណរគុណដល់ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ជាពិសេសអ្នកស្រឡាញ់បរិស្ថាន ដែលបានសហការជាមួយមន្រ្តីឧទ្យានុរក្សធ្វើការបង្រ្កាប ពីករណីទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចសហការនេះនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តលើកទឹកចិត្ត និងជំរុញឱ្យគ្រប់ភាគី រួមទាំងសហគមន៍ និងអ្នកស្រឡាញ់បរិស្ថាន សហការគ្នាជាមួយមន្ត្រីឧទ្យានុរក្ស។ ការពង្រឹងកិច្ចសហការ៖ ការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងពលរដ្ឋ និងមន្ត្រីឧទ្យានុរក្សនៅនឹងកន្លែង។
សូមបញ្ជាក់ថា នៅពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃ សហការជាមួយលោក តាន់ គឹមសួរ ចុះប្រតិបត្តិការបង្ក្រាប បទល្មើសធនធានធម្មជាតិ បានចាប់ឃាត់គោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក ម៉ាក KUBOTA(RT140)និង KUBOTA (ZT 140)ពណ៌ក្រហម ចំនួន ២(ពីរ) គ្រឿង និងឈើអារប្រភេទក្រៅលំដាប់ថ្នាក់(កំពីងដុក)ចំនួន ២៨៩ សន្លឹក ស្មើនឹង ១២ម៣២០៦(ដប់ពីរម៉ែត្រត្រីគុណពីររយប្រាំមួយ)ដែលបានដឹកជញ្ជូន ដោយគ្មានការអនុញ្ញាត នៅត្រង់ចំណុចនិយាមកា(405554-1316646),(407789-1313462),(408398-1312893)ចំនួនបីទីតាំង ស្ថិត ក្នុងភូមិសាស្ត្រភូមិស្រែកិន និងភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្នុងខណៈចុះប្រតិបត្តិ ការជនសង្ស័យបានរត់គេចខ្លួនបាត់។
ដោយពិនិត្យឃើញថា ការដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានការអនុញ្ញាត ផ្ទុយពីក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រុមការងារបាននាំយកវត្ថុតាងទាំងអស់ មកថែរក្សាទុកបណ្តោះអាសន្ន នៅស្នាក់ការរងឧទ្យានុរក្សស្រែកិន ដែលមានទីតាំងស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំសំណុំរឿងបន្ដតាមនីតិវិធី។






