កម្លាំងនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបសកម្មភាពជីករ៉ែមាសយ៉ាងអនាធិបតេយ្យខុសច្បាប់ ២ទីតាំងនៅស្រុកកែវសីមា
(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក នួន ហាន ស្នងការរងទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹកនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល និងកម្លាំងប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ ប៉ុស្តិ៍មេម៉ង់ សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានចុះបង្រ្កាបការធ្វេីរ៉ែមាសអនាធិបតេយ្យខុសច្បាប់ចំនួន ២ទីតាំង។
សកម្មភាពជីករ៉ែមាសយ៉ាងអនាធិបតេយ្យខុសច្បាប់ ២ទីតាំង ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយពេលក្រុមការងារទៅដល់ទីតាំង ពុំឃើញមានអ្នកប្រព្រឹត្តនៅទីនោះ និងបានរឹបអូសបានសម្ភារៈវត្ថុតាងបម្រេីឲ្យការប្រព្រឹត្តល្មេីសមួយចំនួន។
ប្រភពពីកម្លាំងនគរបាល បានបញ្ជាក់ទៀតថា សម្ភារៈដកហូតរួមមាន៖ ថ្មរ៉ែ ៧ការ៉ុង, ម៉ាស៊ីនសាំងបូមទឹក ១គ្រឿង, ដងឡាម ២ដើម, ក្បាលខ្យល់សម្រាប់ស្វានថ្ម ១ឈុត, ទុយោគីបខ្យល់មួយចំនួន, ម៉ាស៊ីនខ្យល់១គ្រឿង, ម៉ាស៊ីនអ៊ុករ៉ែ ១គ្រឿង, ម៉ាស៊ីនកិនរ៉ែ១គ្រឿង, ក្បាលទាញតុញាក់១គ្រឿង, ជើងតុញាក់១គូ, ម៉ាស៊ីនភ្លើងទ្រីហ្វា១ឈុត, ម៉ូទ័រទាញត្បាលកិននិងអ៊ុករ៉ែ២គ្រឿង, ខ្សែភ្លើងប្រភេទចរន្តទ្រីហ្វា ប្រវែង ២០ម៉ែត្រ។
សម្ភារៈវត្ថុតាង ក្រុមការងារបានដឹកជញ្ជូនយកទៅរក្សាទុកនៅមន្ទីររ៉ែ និងថាមពលខេត្ត៕






