ក្រសួងបរិស្ថានចាត់មន្ត្រីជំនាញចុះពិនិត្យផលប៉ះពាល់អគ្គិភ័យរោងចក្រកែច្នៃថ្មពិល នៅខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យជាបន្ទាន់ជុំវិញករណីអគ្គិភ័យឆាបឆេះរោងចក្រកែច្នៃថ្មពិលមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ។
ការចាត់វិធានការនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលអាចកើតចេញពីឧប្បត្តិហេតុនេះ ដល់បរិស្ថាន និងសុខភាពសាធារណៈ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដោយបាននាំយកឧបករណ៍តេស្តគុណភាពខ្យល់ និងត្រួតពិនិត្យសារធាតុគ្រោះថ្នាក់ផ្សេងៗ ដើម្បីកំណត់ពីកម្រិតនៃការបំពុល និងចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ០១:១០ នាទីទៀបភ្លឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅរោងចក្រ ស៊ីនសេងសេង មេថល មេធីរៀល អ៉ិនដាស្រ្ទៀល ផាក ឯ.ក ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន ឈ្មោះ ZHANG JINGCHUAN។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
យោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ផ្សែងនៅតែបន្តហុយចេញពីទីតាំងរោងចក្រនៅឡើយ ដែលជាហេតុបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពបរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ។
ក្រសួងបរិស្ថាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាថាផលប៉ះពាល់ត្រូវបានកាត់បន្ថយជាអតិបរមា និងការពារសុខភាពសាធារណៈឱ្យបានល្អប្រសើរ៕






